ភ្នំពេញ ៖ ខណៈប្រជាពលរដ្ឋ ហាក់មានការជ្រួលច្របល់ ទៅនឹងដំណឹង លោក សម រង្ស៊ី វិលចូលស្រុកវិញ កាន់តែគៀកថ្ងៃនោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអំពាវនាវទៅដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសត្រូវរក្សាភាពស្ងៀមស្ងាត់ កុំបង្កបញ្ហាណាមួយ ដែលធ្វើឲ្យកម្ពុជា ជួបនូវវិបត្តិអសន្តិសុខ និងឈានទៅ រកកើតសង្គ្រាមផ្ទៃក្នុង ។
លោក ពេជ្រ ស្រស់ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថា “ក្នុងនាមខ្ញុំបាទ ជាប្រធានគណបក្សយុវជនកម្ពុជា ខ្ញុំសូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ នៅគ្រប់និន្នាការ នយោបាយទាំងអស់ សុំមេត្តារក្សាភាពស្ងៀមស្ងាត់ និងកុំបង្កចលនាណាមួយ ដែលជាហេតុធ្វើឲ្យប្រទេសកម្ពុជា ជួបនូវវិបត្តិអសន្តិសុខ ហើយឈានទៅរកការកើតសង្គ្រាមផ្ទៃ ក្នុងនៅប្រទេសកម្ពុជារបស់ពួកយើង” ។
ដើម្បីជំរុញឲ្យកម្ពុជា កាន់តែរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យមេបក្សយុវជន បន្ដអំពាវនាវ ឲ្យពលរដ្ឋខ្មែរ គ្រប់និន្នាការនយោបាយទាំងអស់អត់ធ្មត់ និងចូលរួមកសាងប្រទេសជាតិ តាមស្មារតីរួបរួមជាតិ និងតាមលទ្ធភាព ដែលពលរដ្ឋអាចធ្វើបាន។
បន្ថែមពីនេះទៀត លោក ពេជ្រ ស្រស់ ពន្យល់ថា ការធ្វើនយោបាយដោយហិង្សា គឺមិនមែនជាផ្លូវមួយធ្វើឲ្យកម្ពុជា ជួបនូវសេចក្តីសុខសាន្តទេ។ លោកថា មានតែធ្វើនយោបាយ ដោយអហិង្សាតែមួយមុខគត់ ដែលអាចធ្វើឲ្យពលរដ្ឋខ្មែរ ជួបសេចក្តីសុខជានិច្ចនិរន្តរ៍រហូត ៕ ដោយ អេង ប៊ូឆេង