ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្មបើកវេទិកាថ្នាក់ជាតិស្តីពី ការពង្រឹងភាពជាដៃគូ រវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិត 

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបើកវេទិកាថ្នាក់ជាតិស្ដីពី ការពង្រឹងភាពជាដៃគូរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិតក្រោមប្រធានបទ«ការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃស្រូវ» តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) ដើម្បីផ្ដល់ឱកា​សឱ្យភាគីពាក់ព័ន្ធជួបជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ពង្រឹងការផលិត និងការរកទីផ្សារ។

កម្មវិធីនេះ ប្រព្រឹត្តិឡើងក្រោមអធិបតីភាពលោកស្រីតឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមទាំងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម តំណាង IFAD ប្រចាំកម្ពុជា តំណាងក្រុមផលិត តួអង្គទីផ្សារ និងដៃគូពាក់ព័ន្ធរបស់គម្រោង AIMSនៅសណ្ឋាគារ សាំងរី ឡា ភ្នំពេញ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកស្រីតឹក រ៉េតកំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានថ្លែងថា វេទិកាថ្នាក់ជាតិនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបតិ្តការក្នុងការពង្រឹង និងអភិវឌ្ឍន៍ទីផ្សារខ្សែច្រវាក់ស្រូវ និងគ្រឿងទេសដែលនឹងឈានទៅរកការកំណត់គោលដៅរួមគ្នានាពេលអនាគត ដើម្បីធ្វើឱ្យការអភិវឌ្ឍទីផ្សារខ្សែច្រវាក់តម្លៃផលិតផលស្រូវកាន់តែមានលក្ខណៈល្អប្រសើរឡើង។

លោកស្រីបានបន្តថា នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ការគិតគូរស្តង់ដារសុខភាព សុវត្ថិភាពចំណីអាហាររបស់ប្រជាពលរដ្ឋ ការធានានិរន្តភាពក្នុងការផលិត និងទីផ្សារ គឺជាកត្តាចាំបាច់ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នារកដំណោះស្រាយសមរម្យ។
លោកស្រីជឿជាក់​ថា៖«ការចូលរួមពីគ្រប់ដៃគូរដែលប្រកបដោយការគាំទ្រជាប្រព័ន្ធពីសំណាក់រាជរដ្ឋាភិបាល ការវិនិយោគពីវិស័យឯកជន និងការប្ដេជ្ញាចិត្តរបស់ក្រុមអ្នកផលិត គឺជាកត្តាចាំបាច់ ដើម្បីបង្កើតឱកាសថ្មីៗក្នុងទីផ្សារ និងអភិវឌ្ឍខ្សែច្រវាក់តម្លៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងធានាឱ្យបានអ្នកប្រើប្រាស់ទទួលបានផលិតផលសុវត្ថិភាព»។

ចំណែកលោកឡុង កែមវិចិត្រ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជានាយករងគម្រោង AIMS បានថ្លែងថា កម្មវិធីនេះ ជាវេទិការចនាសម្ព័ន្ធភាពជាដៃគូមួយ ដែលរួមបញ្ចូលរវាងស្ថាប័នសាធារណៈ វិស័យឯកជន និងក្រុមអ្នកផលិតសហការគ្នា ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃ កសិ-ពាណិជ្ជកម្មស្ថិតក្រោមគម្រោងAIMS។

លោកបានលើកឡើងថា ភាគីពាក់ព័ន្ធ ត្រូវរួមចំណែកទទួលខុសត្រូវ ចែករំលែកធនធាន ចំណេះដឹង អត្ថប្រយោជន៍ ហានិភ័យ និងចូលរួមដោះស្រាយបញ្ហាប្រកបដោយការសម្របសម្រួល ដើម្បីអភិវឌ្ឍន៍ទីផ្សារប្រកបដោយបរិយាបន្ន។

លោកបានបញ្ជាក់ថា៖ «វេទិកានេះ គឺជាឱកាសបើកកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ហើយអាចបង្កើនការវិនិយោគ និងការផ្តួចផ្តើមអាជីវកម្មកាន់តែច្រើនក្នុងខ្សែច្រវាក់ផលិតផលដែលមានគុណភាពខ្ពស់ ឬផលិតផលប្រណិត (Premium Products)។ លើសពីនេះ យើងអាច​បានកំណត់សកម្មភាពជាយុទ្ធសាស្ត្រសម្រាប់ជំហានបន្ទាប់ផងដែរ»។
លោក ឆេង ចាន់ឌី ប្រធានសហគមន៍កសិកម្មពន្លឺព្រៃតូច ខេត្តបាត់ដំបងបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានមកចូលរួមក្នុងកម្មវិធីនេះ។

លោកថា៖«ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានមកចូលរួមក្នុងកម្មវិធីវេទិកានេះ ព្រោះមានសារៈសំខាន់ជួយឱ្យខ្ញុំបានជួបដៃគូសហការទិញ-លក់ផលិតផលស្រូវប្រណិតរបស់ក្រុមចង្កោមប្រជាពលរដ្ឋជាកសិករដាំស្រូវ»។
លោក ភ័ន យាង ប្រធានចង្កោមសាមគ្គីមានជ័យ ខេត្តត្បូងឃ្មុំបានសង្កត់ធ្ងន់ថា លោកមកចូលវេទិកានេះ ក្នុងគោលបំណងចង់ជួបពិភាក្សាជាមួយមន្រ្តីជំនាញ និងសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ដើម្បីចរចាទិញ-លក់ស្រូវរបស់កសិករ។

លោកថា៖«ខ្ញុំបានជួបដៃគូសហការទិញ-លក់ស្រូវហើយ ប៉ុន្ដែយើងនៅបន្តចរចាពីតម្លៃ និងប្រភេទពូជស្រូវ ដើម្បីឱ្យស្របតាមតម្រូវការរោងម៉ាស៊ីនរបស់គាត់»។ លោក ទន ពណ្ណរាយ នាយកគ្រប់គ្រងច្រវ៉ាក់ផ្គត់ផ្គង់នៃក្រុមហ៊ុន Signature Rice Co.,Ltd បានថ្លែងថា ក្រុមហ៊ុនរបស់លោកបាននិងកំពុងប្រមូលទិញស្រូវពីកសិករនៅខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។ ក្រុមហ៊ុនលោកប្រមូលទិញស្រូវពីកសិករតាមរដូវទាំងស្រូវរដូវវស្សា និងស្រូវរដូវប្រាំងផងដែរ។

លោកបញ្ជាក់ថា៖«ចំពោះបរិមាណស្រូវដែលក្រុមហ៊ុនយើងប្រមូលទិញ គឺចន្លោះពី២ម៉ឺនតោន ទៅ៣ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុនយើងនឹងមានផែនការបន្ទាប់ ដោយចាប់ផ្ដើមសិក្សាទិញស្រូវប្រណិតឱ្យកាន់តែច្រើនថែមទៀត ដើម្បីយកមកផ្គត់ផ្គង់ទីផ្សារនាពេលបច្ចុប្បន្ននេះ»។

គួររំឭកថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជាគម្រោងរួមគ្នារបស់រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD)។ ​អនុវត្តគម្រោងដោយក្រសួងពាណិជ្ជកម្ម ក្រោមការណែនាំរបស់គណៈកម្មាធិការដឹកនាំគម្រោងដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

To Top