អភិបាលរងរាជធានី៖ អាជ្ញាធរបំរើពលរដ្ឋបានល្អ ទើបមិនមានបញ្ហាប្រឈម លើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ខណ្ឌ៧មករា
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋម្នាក់គត់ បានលើកឡើងនូវមតិរបស់ខ្លួន ដោយបានកោតសរសើរចំពោះអាជ្ញាធរ ដែលបានជួយជួសជុល និងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូឬស្សីទី៤ ខណ្ឌមករា ធ្វើឱ្យងាយស្រួលធ្វើដំណើរ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះ ធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី តិមា វិច្ឆិកាល អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅបរិវេណពហុកីឡាដ្ឋានអូឡាំពិក ខណ្ឌ៧មករា។

លោកស្រី តិមា វិច្ឆិកាល បានលើកឡើងថា វេទិកាសាធារណៈ នៅក្នុងខណ្ឌ៧មករានេះ មានតែប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អូឬស្សីទី៤ម្នាក់ ដែលបានឡើង មានមតិ ហើយមតិនោះ មិនមែនជាសំណើរ ឬសំណូមពរនោះទេ គឺឡើងថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរ ដែលបានជួយជួសជុលនិងក្រាលកៅស៊ូផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋានសង្កាត់អូឬស្សីទី៤ ជូនពួកគាត់ងាយស្រួល ក្នុងការធ្វើដំណើរ។

លោកស្រីអភិបាលរង កត់សម្គាល់ថា មតិរបស់ពលរដ្ឋនាឱកាសនេះ មានន័យថា អាជ្ញាធរ បានបំពេញការងារបំរើប្រជាពលរដ្ឋ បានល្អហើយ មិនមានបញ្ហាប្រឈមនោះទេ។

លោកស្រី អភិបាលរង បានបញ្ជាក់ថា ក្រៅពីការលើកឡើងដោយផ្ទាល់មាត់ ពីសំណាក់ប្រជាពលរដ្ឋម្នាក់ខាងលើ វេទិកានេះ ក៏មានសំណើរ និងសំណូមពរ ជាលាយលក្ខណ៍អក្សរ ចំនួន៧ច្បាប់ផងដែរ។ រាល់សំណើរជាលាយលក្ខណ៍អក្សរនេះ អាជ្ញាធររាជធានី និងធ្វើការដោះស្រាយជូននៅពេលក្រោយ។

ថ្លែងក្នុងឱកាសនេះ លោក ម៉ប់ សារិន បានថ្លែងថា វេទិកានេះធ្វើដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្តោត សំខាន់ពាក់ព័ន្ធ និងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ (ភូមិ សង្កាត់មានសុវត្ថិភាព), ការអភិវឌ្ឍមូលដ្ឋាន, សុខមាលភាពប្រជាពលរដ្ឋ និងបរិស្ថាន,ការពិនិត្យការផ្តល់សេវាជូនប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរបានដឹងឮ និងរកយន្ត ការដោះស្រាយជូន។

លោក ម៉ប់ សារិន បានបញ្ជាក់ថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី ដាច់ខាតត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ។ ការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើន ធ្វើឱ្យអាជ្ញាធរ ក្តាប់បានពីតម្រូវការ ការចង់បានរបស់ប្រជាពលរដ្ឋកាន់តែច្រើន ដើម្បីយកមកដោះស្រាយជូនពួកគាត់ ធ្វើឱ្យជីវភាព និងការរស់នៅរបស់ពួកគាត់កាន់តែ មានការអភិវឌ្ឍរីកចំរើន៕




