នាយឧត្តមសេនីយ៍ ស ថេត សង្ឃឹមថា កូរ៉េ នឹងបន្តផ្ដល់ជំនួយឯកសណ្ឋានការពារសារធាតុគីមីបន្ថែមទៀត ដល់អគ្គស្នងការនគរបាលជាតិ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសកូរ៉េ នឹងបន្តផ្ដល់ជំនួយឯកសណ្ឋានការពារសារធាតុគីមីបន្ថែមទៀត ខណៈកងកម្លាំងនគរបាលកម្ពុជា នៅមានការខ្វះខាតឯកសណ្ឋានការពារសារធាតុគីមីនេះច្រើន ក្នុងកិច្ចអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន ២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ ១០០ឈុត រួមទាំងឯកសណ្ឋានការពារសារធាតុគីមីចំនួន ២ម៉ឺនឈុត ពីរដ្ឋាភិបាលកូរ៉េ តាមរយៈអង្គការGO&DO (NGO) នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមចំណែកជាមួយកងកម្លាំងលើការងារពន្លត់អគ្គិភ័យកាន់តែងាយស្រួលក្នុងប្រតិបត្តិការអន្តរាគមន៍ជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋពេលជួបបញ្ហាអគ្គិភ័យបានទាន់ពេលវេលា ជាពិសេសការរួមចំណែកក្នុងការការពារ អាយុជីវិត ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម។

នាយឧត្តមសេនីយ៍ ស ថេត បានមានប្រសាសន៍ថា ជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលកូរ៉េ នៅពេលនេះ គឺពិតជាមានតម្លៃសម្រាប់ប្រជាជនកម្ពុជា និងបានបង្ហាញអំពីការយកចិត្តទុកដាក់ដោយសប្បុរសធម៌ពីប្រជាជន និងរដ្ឋាភិបាលកូរ៉េផងដែរ។ មួយវិញទៀតជំនួយនេះក៏ជាការរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជាផងដែរ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបន្តផ្តល់ជំនួយឥតសំណងនេះដល់កម្ពុជា ដោយ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សម្ភារទាំងនេះនឹងបម្រើដល់ប្រជាជនកម្ពុជាទាំងបច្ចុប្បន្ន និងទៅអនាគតឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ស ថេត សង្ឃឹមថា «ទៅថ្ងៃខាងមុខ រដ្ឋាភិបាលនៃប្រទេសកូរ៉េ នឹងបន្តផ្ដល់ការគាំទ្រ ជួយជាជំនួយឯកសណ្ឋានការពារសារធាតុគីមីនេះបន្ថែមទៀត ខណៈកងកម្លាំងយើងនៅមានការខ្វះខាតឯកសណ្ឋានការពារសារធាតុគីមីនេះច្រើន ក្នុងការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យក្នុងករណីធំៗមួយចំនួនដូចជា៖ រោងចក្រ អាគារខុនដូរ និងទីតាំងសហគ្រាសធំៗមួយចំនួន ដែលភាគច្រើនទីតាំងទាំងអស់នោះមានភាពស្មុគស្មាញ និងសារធាតុគីមីផងដែរ»។


យោងតាមការបញ្ជាក់របស់ ឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់អគ្គិភ័យរយៈពេល ៩ខែ ឆ្នាំ២០២៥ មានចំនួន៦៥៤/៨៧៣លើក ធៀបនឹង៩ខែឆ្នាំ២០២៤ ថយចុះ២១៩លើក៖ ការខូចខាតឆេះផ្ទះចំនួន៤៨១/៥៣៥ខ្នង, តូបចំនួន៩៨/៥០៨, ស្លាប់១៤/១១ នាក់, របួស៤៣/ ២៤នាក់, មូលហេតុ ចរន្តអគ្គិសនី ៤២,២៦%, ប្រើភ្លើង ៣៩,១៨% និងកត្តាផ្សេងៗ ១៨,៥៦%៕


