យន្តហោះគ្មានមនុស្សបើក MQ-9 Reaper តម្លៃជាង៣០លានដុល្លារ របស់កងទ័ពអាកាសសហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងដែនទឹក ក្នុងប្រទេសកូរ៉េខាងត្បូង
បរទេស៖ មន្ត្រីយោធាបាននិយាយថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះកំពុងបំពេញបេសកកម្មតាមទម្លាប់។
យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមក្រុមមន្ត្រីបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅជិតកោះ Maldo-ri នៃទីក្រុង Gunsan ភាគខាងលិចប្រហែល ១៨០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងសេអ៊ូល។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ បានឱ្យដឹងថា ក្រុម Fighter Wing 8th របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅមូលដ្ឋានទ័ពអាកាស Kunsan ក្នុងទីក្រុង Gunsan បាននិយាយថា យន្តហោះគ្មានមនុស្សបើកបានជាប់ពាក់ព័ន្ធនៅក្នុង “ឧប្បត្តិហេតុ” ក្នុងអំឡុងពេលបេសកកម្មធម្មតានៅម៉ោងប្រហែល ៤៖៣៥នាទី ព្រឹក “មិនមានការរងរបួស ឬការខូចខាតទ្រព្យសម្បត្តិសាធារណៈត្រូវបានរាយការណ៍ទាក់ទងនឹងឧបទ្ទវហេតុនេះទេ ហើយបច្ចុប្បន្នវាកំពុងស្ថិតក្រោមការស៊ើបអង្កេត” ។
កិច្ចខិតខំប្រឹងប្រែងស្វែងរកត្រូវបានគេរាយការណ៍ថាកំពុងដំណើរការដើម្បីជួយសង្គ្រោះយន្តហោះគ្មានមនុស្សបើក។
ឧប្បត្តិហេតុនេះបានកើតឡើងបន្ទាប់ពីយោធាអាមេរិកបានបង្កើតអង្គភាពឈ្លបយកការណ៍ដែលប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកនៅមូលដ្ឋានអាកាស Kunsan ក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងខែកញ្ញា។ កន្លងមក យោធាអាមេរិកបានដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកប្រភេទ Reapers ទៅកាន់ប្រទេសនេះ ដោយឈរលើមូលដ្ឋានឆ្លាស់គ្នាទៅមក។
យន្តហោះគ្មានមនុស្សបើក Reaper មានសមត្ថភាពធ្វើការប្រមូលស៊ើបការណ៍ ការសម្របសម្រួល និងបេសកកម្មឈ្លបយកការណ៍ និងអាចហោះបានរយៈចម្ងាយ ១.១៥០ ម៉ាយ នេះបើយោងតាមកងកម្លាំងអាកាសសហរដ្ឋអាមេរិក។
ប្រែសម្រួលៈ ណៃ តុលា
