ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្ដេជ្ញាសងសឹកអ៊ីស្រាអែល ចំពោះការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា

តេអេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានសន្យាថានឹង «ឆ្លើយតបយ៉ាងធ្ងន់ធ្ងរ» ចំពោះអ៊ីស្រាអែល ជុំវិញការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Haytham Ali Tabtabai នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន គឺ Sepah News ក្រុម IRGC បានថ្កោលទោស «ឧក្រិដ្ឋកម្មឃោរឃៅ» របស់អ៊ីស្រាអែល ដោយថាលោក Tabtabai ត្រូវបានកំណត់គោលដៅនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ក្នុងទង្វើ «ភេរវកម្ម និងជាក់ស្តែង»។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា «ក្រុមតស៊ូ និងក្រុមហេសបូឡា» រក្សាសិទ្ធិក្នុងការសងសឹក ចំពោះការសម្លាប់នេះ ហើយការឆ្លើយតបដ៏ម៉ឺងម៉ាត់ «នៅពេលវេលាសមស្រប»។ យ៉ាងហោចណាស់មនុស្ស ៥នាក់ រួមទាំងលោក Tabtabai ត្រូវបានសម្លាប់ និង ២៨ នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ លើអាផាតមិនមួយក្នុងតំបន់ Haret Hreik ទីក្រុងបេរ៉ូត នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។

ក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានថ្កោលទោសការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយហៅការវាយប្រហារនេះថាជា «ការឈ្លានពានយ៉ាងឃោរឃៅ» ប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ប្រទេសលីបង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top