លោក Xi Jinping ជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំប្រធានាធិបតីអាមេរិក
យប់ថ្ងៃទី២៤ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំប្រធានាធិបតីអាមេរិក។
លោក Xi Jinping បានលើកឡើងថា យើងបានធ្វើកិច្ចជំនួបដ៏ជោគជ័យនៅ ក្រុង Busan ប្រទេសកូរ៉េខាងត្បូងកាលពីខែមុន និងឈានដល់គំនិតឯកភាពសំខាន់ៗ ដែលតម្រង់ទិសដៅនិងបំពេញកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-អាមេរិក និងបញ្ជូនសញ្ញាវិជ្ជមានទៅកាន់ពិភពលោក។ ចាប់ពីកិច្ចជំនួបខ្ញុំនិងលោកនៅក្រុង Busan មក ទំនាក់ទំនងចិន-អាមេរិកមានស្ថិរភាពល្អជាទូទៅដែលទទួលបានការស្វាគមន៍យ៉ាងទូលំទូលាយពីសំណាក់ប្រទេសទាំងពីរនិងសហគមន៍អន្តរជាតិ។
ភាគីយើងទាំងពីរគួរតែបន្តរក្សានិន្នាការនេះ ប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវ ប្រកាន់ខ្ជាប់ភាពស្មើគ្នា គោរពគ្នានិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ពង្រីកកិច្ចសហប្រតិបត្តិការនិងកាត់បន្ថយបញ្ជីបញ្ហា ខិតខំប្រឹងប្រែងដើម្បីទទួលបានការវិវឌ្ឍជាវិជ្ជមានកាន់តែច្រើន ដើម្បីត្រួសត្រាយលំហសហប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងចិន-អាមេរិក ក្នុងវ័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរនិងប្រជាជនពិភពលោក។
លោក Xi Jinping បានអធិប្បាយពីគោលការណ៍និងគោលជំហរបស់ភាគីចិនលើបញ្ហាតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថា ការដែលតៃវ៉ាន់វិលត្រឡប់មកមាតុប្រទេសចិនវិញជាផ្នែកដ៏សំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២។
ជាការឆ្លើយតប លោកត្រាំបានលើកឡើងថា កិច្ចជំនួបរវាងខ្ញុំនិងលោកនៅក្រុងBusanគឺជាកិច្ចជំនួបដ៏រីករាយ ខ្ញុំឯកភាពទាំងស្រុងចំពោះទស្សនៈរបស់លោកស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ភាគីទាំងពីរកំពុងអនុវត្តគំនិតឯកភាពរួមក្រុង Busan។ភាគីអាមេរិកយល់ពីភាពសំខាន់នៃបញ្ហាតៃវ៉ាន់សម្រាប់ប្រទេសចិន៕
