ព័ត៌មានជាតិ

លោកខូយ រីដា អនុញ្ញាតិអោយគណៈប្រតិភូកូរ៉េ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ

ខេត្តពោធិ៍សាត់÷ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំធំថ្មីសាលាខេត្ត បានអនុញ្ញាតិដល់គណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក Choi II Do ប្រធានអង្គការសហគមន៍ DAIL និងលោក Lee In Sik នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye និងជាប្រធានមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចុះបំពេញបេសកកម្ម ពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ព្រមទាំងផ្តល់អាហារសាមគ្គី ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ជាលើកទី២ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ជូនចំពោះ លោក Choi II Do ប្រធានអង្គការសហគមន៍ DAIL និងលោក Lee In Sik នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye និងជាប្រធានមជ្ឈមណ្ឌលភ្នែក B&VIIT ព្រមទាំងគណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ ដើម្បីចុះពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែក ព្រមទាំងផ្តល់អាហារសាមគ្គី ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ជាលើកទី២ និងបានផ្តល់នូវឧបករណ៍វេជ្ជសាស្ត្រ ថ្នាំពេទ្យជាច្រើនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

ជាការពិតណាស់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូ ខេត្តGyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក៏បានផ្តល់នូវរថយន្តពេទ្យ ចំនួន០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង រួមទាំងសម្ភារពេទ្យ និងសម្ភារពន្លត់អគ្គិភ័យមួយចំនួន ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីទុកបម្រើជាផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអគ្គិភ័យ និងគ្រោះថ្នាក់ជាយថាហេតុ។

លោក ខូយ រីដា បន្តថាកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ គណៈប្រតិភូស្រុក Yangpyeong ខេត្តGyeonggi-do នៃសាធារណរដ្ឋកូរ៉េ ក្រោមការសម្របសម្រួលដោយ អង្គការសហគមន៍ DAIL ក៏បានផ្តួចផ្តើមកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលខេត្ត ក្នុងគោលបំណងរៀបចំឱ្យមានកម្មវិធីផ្លាស់ប្តូរគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច អប់រំ កសិកម្ម ជាពិសេសការបញ្ជូនពលករក្នុងខេត្តពោធិ៍សាត់ ទៅធ្វើការតាមរដូវ កាលនៅស្រុក Yangpyeong ខេត្តGyeonggi-do នៃសាធារណរដ្ឋកូរ៉េ។

នាឱកាសនោះលោកអភិបាលខេត្ត បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងប្តេជ្ញាខិតខំជម្រុញបន្ថែមកិច្ចសហការប្រតិបត្តិការខាងលើ ដោយបានគូសបញ្ជាក់ថា កន្លងមកនេះ ពលករភាគច្រើន ពួកគេពេញចិត្តទៅធ្វើការនៅប្រទេសកូរ៉េ និងជប៉ុនច្រើនជាងគេ នេះដោយសារប្រទេសទាំងពីរ បង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ និងទទួលបានប្រាក់ខែខ្ពស់ ដើម្បីយកមកអភិវឌ្ឍន៍ក្រុមគ្រួសារ នៅស្រុកកំណើត។

លោក Choi II Do ប្រធានអង្គការសហគមន៍ DAIL និងលោក Lee In Sik នាយកប្រតិបត្តិមន្ទីរពេទ្យ GarngNam Eye និងជាប្រធានមជ្ឈមណ្ឌលភ្នែក B&VIIT នៃសាធារណរដ្ឋកូរ៉េ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ជូនចំពោះគណៈប្រតិរបស់លោក។ លោកសង្ឃឹមថា សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ពិសេសខេត្តGyeonggi-do និងខេត្តពោធិ៍សាត់ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អៗរួមគ្នា ដើម្បីការរីកចម្រើនលើគ្រប់វិស័យ។

នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានបំពាក់មេដាយ ប្រគល់លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ ជូនចំពោះសប្បុរសជន នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ ក្នុងបរិយាកាសរីករាយក្រៃលែងផងដែរ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល

To Top