ព័ត៌មានជាតិ

មនុស្សរហូតដល់ជាង ២០នាក់ ត្រូវចាប់ខ្លួននៅស្រុកកែវសីមា ករណីគ្រឿងញៀន ២៣កញ្ចប់

មណ្ឌលគិរី៖ នៅក្នុងខែវិច្ឆិកានេះ ព័ត៌មានដែលទទួលបានគឺ មានគ្រឿងញៀនរហូតដល់ ២៣កញ្ចប់ ដែលស្មើនឹងទម្ងន់ ៧៥,៥៦ក្រាម រួមទាំងជនសង្ស័យ ២២នាក់ត្រូវចាប់ខ្លួន នៅក្នុងការបង្ក្រាបករណីគ្រឿងញៀន ២ដាច់ដោយឡែកពីគ្នា ក្នុងឃុំចុងផ្លាស់និងឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

របាយការណ៍ ស្តីពីការចុះបង្រ្កាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនកាលពី ថ្ងៃទី២៤និង២៥ វិច្ឆិកា ឆ្នាំ២០២៥  ស្ថិតនៅភូមិឆ្នែងនិងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីសមត្ថកិច្ចបានធ្វេីការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបាន០៩នាក់ និងរត់គេចខ្លួនម្នាក់ ដោយ បានធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លើជនសង្ស័យទាំង ០៩ នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ចំនួន០៩នាក់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។

សមត្ថកិច្ចបានឆែកឆេរ និងចាប់យកមធ្យោបាយសម្ភារៈវត្ថុតាងរួមមាន៖
ក្រាមពណ៌សថ្លា គ្រឿងញៀនជាប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន១៨កញ្ចប់ទម្ងន់ ៧១.១០ ក្រាម ថ្លឹងទាំងសំបកថង(៦កញ្ចប់ធំ,៣កញ្ចប់ធំល្មម,៩កញ្ចប់តូច)។ ក្នុងនោះមានទាំងកាំភ្លើងកែឆ្នៃនិងសម្ភារៈមួយចំនួនទៀតផងដែរ។

ចំណែកករណីបង្ក្រាបគ្រឿងញៀននៅឯឃុំចុងផ្លាស់កាលពីថ្ងៃទី១៦ខែវិច្ឆិកាកន្លងទៅថ្មីៗនោះ មនុស្សប្រុសស្រី១៣នាក់រួមទាំងគ្រឿងញៀន០៥កញ្ចប់ ទំងន់៤,៤៦ក្រាម ត្រូវបានបង្ក្រាបផងដែរ។

សរុបមក ត្រឹមថ្ងៃទី១៦ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបង្ក្រាបករណីគ្រឿងញៀនបាន ២៣កញ្ចប់ស្មើនឹងទម្ងន់ ៧៥,៥៦ក្រាមឯណោះ៕

ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top