ស៊ុយអែតស្វែងរកលទ្ធភាព ក្នុងការបំពាក់មីស៊ីលដែលអាចបាញ់ជ្រៅដល់ទឹកដីរុស្សី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែត នឹងត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារយ៉ាងជ្រៅនៅក្នុងបណ្តាប្រទេសដែលខ្លួនចាត់ទុកថាជាការគំរាមកំហែង ដូចជាប្រទេសរុស្ស៊ី។
ការប្រកាសនេះត្រូវបានធ្វើឡើងបើយោងតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធស៊ុយអែតចេញផ្សាយកាលពីថ្ងៃចន្ទ។ទីក្រុងមូស្គូបានច្រានចោលការអះអាងដែលខ្លួនមានចេតនាអរិភាពចំពោះប្រទេសលោកខាងលិចថាគ្មានមូលដ្ឋាន។
ឯកសារនេះអំពាវនាវឱ្យមានការវិនិយោគលើសមត្ថភាពធ្វើការវាយប្រហារដែលអាចឈានដល់គោលដៅនៅ ជម្រៅយុទ្ធសាស្ត្រឬ ប្រហែលជា២០០០ គីឡូម៉ែត្រ។ ចម្ងាយផ្លូវត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងស្តុកខម គឺត្រឹមតែជាង ១៤០០ គីឡូម៉ែត្រប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសន៍មួយទៅកាន់ Reuters កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បាននិយាយថា ប្រទេសនេះត្រូវតែ កសាងការរារាំងដ៏រឹងមាំមួយ ចំពោះការកើនឡើងនូវសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ កាលពីខែមុន លោកបានព្រមានថាប្រជាជនដែលរស់នៅក្នុងរដ្ឋណាតូអឺរ៉ុបគួរត្រៀមខ្លួនសម្រាប់សង្គ្រាមដែលអាចកើតមានជាមួយរុស្ស៊ី។
គួរឲ្យដឹងដែរថាក្រោយជម្លោះអ៊ុយក្រែនកាន់តែតានតឹង ស៊ុយអែតបានបោះបង់អព្យាក្រឹតភាព ហើយចូលជាសមាជិកណាតូ។ វាបានក្លាយជាអ្នកគាំទ្រដ៏ខ្ជាប់ខ្ជួនបំផុតរបស់ទីក្រុងគៀវដោយផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំ អាវុធប្រឆាំងរថក្រោះ សមាសធាតុការពារអាកាស គ្រាប់រំសេវ និងការបណ្តុះបណ្តាលដល់កងកម្លាំងអ៊ុយក្រែន។
កាលពីក្នុងខែមិថុនា ខ្លួនបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីផ្គូផ្គងគោលដៅថ្មីរបស់ណាតូគឺ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប កើនឡើងពី ២,៧ភាគរយសម្រាប់ពេល បច្ចុប្បន្ន៕
ប្រែសម្រួល៖ ស៊ុនលី
