ប្រទេសថៃ ប្រកាសអាសន្ននៅខេត្តភាគខាងត្បូងដោយសារទឹកជំនន់
បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរៈគុល បានប្រកាសអាសន្ននៅខេត្តសុងក្លា ភាគខាងត្បូងប្រទេស ខណៈដែលទឹកជំនន់ បានបំផ្លាញតំបន់ភាគខាងត្បូងមួយនេះយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការប្រកាសនេះបានកើតឡើងនៅពេលដែលរដ្ឋាភិបាល បានបង្កើតមជ្ឈមណ្ឌលបញ្ជាការជំនាញមួយ ដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្គ្រោះដើម្បីឆ្លើយតបទៅនឹងភ្លៀងធ្លាក់ និងទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមក ដែលបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិយ៉ាងទូលំទូលាយ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពសាធារណៈ។
យោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់ដែលបង្កឡើងដោយខ្យល់មូសុងបានប៉ះពាល់ដល់ខេត្តចំនួនប្រាំបួននៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសថៃ ជាពិសេសប៉ះពាល់ដល់មនុស្សប្រហែល ២.២០ លាននាក់ និងបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ១៣ នាក់នៅទូទាំងខេត្ត។
នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានថា ខ្យល់មូសុងឦសានដ៏ខ្លាំង និងបរិយាកាសសម្ពាធទាបដ៏ខ្លាំងក្លា ដែលគ្របដណ្តប់តំបន់ភាគខាងត្បូងខាងក្រោមរបស់ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថា ានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ និងទឹកហូរចេញពីជម្រាលភ្នំ៕
ប្រែសម្រួល ឈូក បូរ៉ា
