ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ និយាយថា គ្មានការថ្ងៃកំណត់សម្រាប់អ៊ុយក្រែន និងរុស្ស៊ី ក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានដកអំពីថ្ងៃផុតកំណត់សម្រាប់អ៊ុយក្រែនគឺនៅថ្ងៃព្រហស្បតិ៍ ដើម្បីឱ្យអ៊ុយក្រែនយល់ព្រមលើផែនការសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក ដោយលោកនិយាយថា “ពេលវេលាកំណត់សម្រាប់ខ្ញុំគឺនៅពេលដែលវាចប់សព្វគ្រប់”។

យោងតាមសារព័ត៌មាន US News ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក ត្រាំ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ខណៈដែលលោកបានហោះហើរទៅកាន់រដ្ឋ Florida សម្រាប់ថ្ងៃបុណ្យ Thanksgiving ថា អ្នកចរចារបស់សហរដ្ឋអាមេរិកកំពុងធ្វើឱ្យមានការជឿនលឿនក្នុងការពិភាក្សាជាមួយរុស្ស៊ី និងអ៊ុយក្រែន ហើយទីក្រុងម៉ូស្គូបានយល់ព្រមលើសម្បទានមួយចំនួន ប៉ុន្តែលោកមិនបានលម្អិតអំពីបញ្ហានោះទេ។

ក្របខណ្ឌដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកសម្រាប់ការបញ្ចប់សង្រ្គាមដែលត្រូវបានរាយការណ៍ជាលើកដំបូងកាលពីសប្តាហ៍មុនបានជំរុញឱ្យមានការព្រួយបារម្ភថ្មីៗដែលថា រដ្ឋបាលលោក ត្រាំ អាចមានឆន្ទៈក្នុងការជំរុញអ៊ុយក្រែនឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលមានភាពលំអៀងយ៉ាងខ្លាំងឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ។

លោក ដូណាល់ ត្រាំ បាននិយាយថា បេសកជនរបស់លោក Steve Witkoff នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូក្នុងពេលឆាប់ៗនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយថា កូនប្រសាររបស់លោក Jared Kushner ដែលបានជួយចរចាកិច្ចព្រមព្រៀង Gaza ដែលនាំមកនូវបទឈប់បាញ់ដ៏មិនសុខស្រួលក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏ចូលរួមផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top