រដ្ឋមន្រ្តីវប្បធម៌ខ្មែរ ស្នើឲ្យមានបទបញ្ញត្តិច្បាស់លាស់ពីការលួចចម្លងបេតិកភណ្ឌពិភពលោក ដោយគ្មានការអនុញ្ញាត
ភ្នំពេញ ៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានស្នើទៅអង្គការយូណេស្កូឲ្យមានបទបញ្ញត្តិច្បាស់លាស់ អំពីការលួចចម្លងបេតិកភណ្ឌពិភពលោក ដោយគ្មានការអនុញ្ញាត ។

ការស្នើរបស់លោកស្រី បន្ទាប់ពីថៃបានលបលួចសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តរបស់កម្ពុជាកាលពីប៉ុន្មានឆ្នាំមុន ហើយបើទោះបីជាភាគីកម្ពុជាស្នើឲ្យបញ្ឈប់ក៏ថៃនៅតែមិនព្រមស្តាប់តាមដែរ ។

ក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ភឿង សកុណា បានថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។

ជាមួយគ្នានេះដែរ លោកស្រីក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២នាពេលកន្លងមក។

បន្ថែមលើនេះ រដ្ឋមន្ត្រីបានរំលឹកអំពីបទអន្តរាគមន៍កាលពីខែកក្កដា ឆ្នាំ២០២៥កន្លងមកដែលពេលនោះ លោកស្រីបានលើកឡើងម្តងរួចមកហើយ នូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសជិតខាង ព្រោះការណ៍នេះគឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកផងដែរ។

កម្ពុជាអំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះ ដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ និងធ្វើការរួមជាមួយបណ្តារដ្ឋភាគី ដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម ៕


