ព័ត៌មានជាតិ

កម្ពុជា បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ

ភ្នំពេញ ៖ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថា រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែង នានាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។

ក្រសួង បញ្ជាក់ថា «កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន ទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន»។

កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់៕

To Top