កម្ពុជា ប្តេជ្ញាចិត្តបន្តនិរន្តរភាព នៃការកែទម្រង់ឆ្ពោះទៅសម្រេច ឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) បានថ្លែងថា ប្រទេសកម្ពុជា នឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់ដ៏មុតមាំដែរថា «ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រទេសកម្ពុជានឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់»។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងនាម ក.អ.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ក្នុងការបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។ ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងទាំងនេះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។
ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ ហើយបានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។
បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះនឹងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារបានយ៉ាងច្រើន។
គួររម្លឹកដែរថា៖ វេទិកា G-PSF គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា និងការទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងកិច្ចអន្តរាគមន៍នានាពីផ្នែករាជរដ្ឋាភិបាល៕
