មេឃុំសាលាវិស័យ ចង់ឱ្យយុវជនរួមគ្នាការពារធនធានធម្មជាតិ និងសត្វព្រៃ ដែលបានអភិរក្ស និងរក្សាទុកក្នុងដែនសហគមន៍នា!
កំពង់ធំ៖ លោក ជិន ហុីន មេឃុំសាលាវិស័យ លើកឡើងដូច្នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមនិស្សិតដែលចុះមកទស្សនៈកិច្ចសិក្សានៅក្នុងសហគមន៍ជាំម្រេច ដែលស្ថិតនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោកមេឃុំមានប្រសាសន៍ថាថា “ការចូលរួមរបស់យុវជនក្នុងការអភិរក្សព្រៃឈើនិងធនធានធម្មជាតិជាការល្អសម្រាប់ប្រទេសយើង។ ចំពោះការចុះទស្សនៈកិច្ចសិក្សាក្រុមនិស្សិតរបស់អង្គការក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពយុវជនឱ្យមានមូលដ្ឋានគ្រឹះនិងចំណេះដឹងចំណេះធ្វើការងារគ្រប់គ្រងបរិស្ថាននិងធនធានធនជាតិ ក៏ដូចជាឆ្លើយតបនឹងការកែទម្រង់លើវិស័យ កសាង និងអភិវឌ្ឍន៍ធនធានមនុស្សដែលជាទំពាំងស្នងឬស្សី ដើម្បីរួមចំណែកអភិវឌ្ឍនិងអភិរក្សបរិស្ថាន និងធនធានធម្មជាតិប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត”។

លោកបានបន្តលើកឡើងថាក្នុងនាមលោកជាថ្នាក់ដឹកនាំនិងជាអ្នកការពារព្រៃសហគមន៍នេះផ្ទាល់ពិតជាមានក្តីសោមន្សរីករាយយ៉ាងក្រៃលែងចំពោះក្រុមនិស្សិតដែលបានមកពីតាមបណ្តាខេត្តផ្សេងៗក៏ដូចជាប្អូនៗដែលមានភាពក្លាហានហ៊ានជម្នះនៅពាក្យស្លោកមួយពោលថា (ក្មេងៗមិនគួរដើរហើរច្រើនពេកទេ នាំតែខ្មាស់មាត់ចាប់មាត់ព្រាប)។

ក្នុងនោះផងដែរលោកគាំទ្របន្តលើកទឹកចិត្តដល់ប្អូនៗក្រុមនិស្សិតរឺយុវជនក្រុមជំនាន់អោយចេះមានភាពព្យាយាម តស៊ូ អត់ធ្មត់ ដើម្បីឆ្ពោះទៅរកគោលដៅរបស់ខ្លួន ប្អូនត្រូវប្រកាន់ភ្ជាប់នៅការជឿជាក់ ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានភាពឈ្លាសវៃ ក្នុងការកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅភាពរីកចម្រើន និងទទួលបានសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រមុខថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារ ព្រៃឈើនិងធនធានធម្មជាតិ។

លោកបន្តថា គម្របព្រៃឈើនៅតំបន់សហគមន៍ជាំម្រេចនេះ និងសហគមន៍នានានៅក្នុងឃុំសាលាវិស័យ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃរបោះដែលអំណោយផលដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្ដល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ ជាដើម៕



ដោយ៖ សំនៀង
