លោកបណ្ឌិត កៅ ថាច អញ្ជើញទស្សនកិច្ច ពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ស្ថិតនៅស្រុកមណ្ឌលសីម៉ា
កោះកុង ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញទស្សនកិច្ចពិនិត្យមើលកន្លែងចិញ្ចឹមត្រីបែបធម្មជាតិមួយកន្លែង កំពុងតែចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុកស្ថិតនៅស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

នៅក្នុងដំណើរអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីនោះដែរ លោកបណ្ឌិត កៅ ថាច ក៏បានបង្ហាញពីឱកាស និងទីផ្សារក្នុងស្រុករបស់យើង ជាពិសេស បច្ចុប្បន្ននេះ តម្រូវការនៃទីផ្សារមានច្រើន ណាស់លើវិស័យវារីវប្បកម្មដែលទាមទារឲកសិករយើង ត្រូវមានការចិញ្ចឹមបែបពាណិជ្ជកម្មឲ្យបានច្រើន ឆ្លើយតបនឹងតម្រូវការអ្នកបរិភោគក្នុងស្រុក។

បន្ទាប់ពីស្តាប់ការណែនាំពី លោកបណ្ឌិត កៅ ថាច ពីសក្តានុពល វិស័យវារីវប្បកម្មរួចមក ម្ចាស់ កសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ខាងលើ បានទទួលស្គាល់ថា «មុនការបិទព្រំដែនរវាងកម្ពុជា និងសៀម ការនាំចូលត្រីតាមច្រកព្រំដែនមកលក់នៅខេត្តកោះកុងមានបរិមាណច្រើន ប៉ុន្តែសព្វថ្ងៃនេះ បន្ទាប់ពីបិទព្រំដែនកន្លងមកហើយឥឡូវនេះ ក្នុងខេត្តកោះកុង ការចិញ្ចឹមត្រីមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារបានគ្រប់គ្រាន់នៅឡើយទេ។

សម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីក្នុងស្រុកបានទទួលស្គាល់ថា ទីផ្សារពិតជាខ្វះពិតប្រាកដមែន ការផ្គត់ផ្គង់ជាពិសេសប្រភេទត្រីឆ្ពុង និងត្រីតុកែ ព្រមទាំងប្រភេទត្រីផ្សេងៗទៀត ដែលកសិករយើងអាចពិចារណាចិញ្ចឹមបាន និងវិនិយោគជាលក្ខណ:ខ្នាតតូច និងមធ្យមឲ្យបានច្រើនបន្ថែមទៀតសម្រាប់បំពេញតម្រូវការទីផ្សារ។

បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់ម្ចាស់កសិដ្ឋានខាងលើជុំវិញការផ្គត់ផ្គង់ត្រីរួចមក លោកបណ្ឌិត កៅ ថាច ក៏បានអំពាវនាវឲ្យកសិករនៅខេត្តកោះកុង និងនៅខេត្តផ្សេងទៀតគួរបង្កើនការវិនិយោគលើវារីវប្បកម្ម ដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារ ចូលរួមកាត់បន្ថយការនាំចូលត្រីពីប្រទេសជិតខាង ដោយបង្កើតការងារក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចជនបទផងដែរ៕





