ព័ត៌មានជាតិ

សម្ដេចតេជោ សង្ឃឹមថាទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម នឹងកើនឡើងដល់ ២០ពាន់លានដុល្លារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការពេញចិត្តចំពោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានការកើនឡើង ជាបន្តបន្ទាប់ ហើយសង្ឃឹមថាគោលដៅ ដែលប្រទេសទាំងពីរ ដែលចង់សម្រេចឱ្យបាន២០ពាន់លានដុល្លារនោះ នឹងអាចសម្រេចបាននៅពេលខាងមុខ។

ក្នុងជំនួបសម្ដែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមនាពេលបច្ចុប្បន្ន ជាពិសេសមិនត្រឹមតែទំនាក់ទំនង ក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងរវាងគណបក្ស និងគណបក្សផងដែរ ដែលមានភាពរីកចម្រើនល្អប្រសើរ។

លោកបានរំលេច ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើពាណិជ្ជកម្ម ដែលត្រឹមតែរយៈពេល៩ខែឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៩ពាន់លានដុល្លារ។ លោកក៏បានកោតសរសើរ ចំពោះការរក្សាបាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការដ៏ល្អ តាមព្រំដែនរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពទាំងស្រុងចំពោះការលើកឡើង របស់លោក Bui Thanh Son ចំពោះការរក្សាបាននូវសន្តិសុខ តាមព្រំដែនរវាងប្រទេសទាំងពីរ ដែលភាគីទាំងពីរ បានដោះស្រាយជាមួយគ្នាជាច្រើន ទាំងកិច្ចសហប្រតិបត្តិការប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន និងវិធានការផ្សេងៗទៀត ដែលធ្វើយ៉ាងណា ឱ្យព្រំដែននៃប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និងធ្វើឱ្យប្រជាជនរស់នៅ កាន់តែមានភាពល្អប្រសើរ។ សម្ដេចតេជោ ក៏បានមានប្រសាសន៍ លើកឡើង ពីការផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសទាំងពីរ ដែលវាជាអំណោយផល ដល់ការធ្វើកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានភាពល្អប្រសើរ ដែលជាបំណងរបស់សម្តេចតេជោ។

សម្តេចតេជោ ក៏បានមានប្រសាសន៍ អំពីគម្រោងដែលភាគីទាំងពីរ នឹងសម្ពោធច្រកព្រំដែនអន្តរជាតិម៉ឺនជ័យ ជាមួយគ្នានៅដើមខែធ្នូខាងមុខនេះ ដែលនេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមាន ចំពោះការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផលទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗមានទំនាក់ទំនងកាន់តែល្អប្រសើរបន្ថែមទៀត រវាងប្រទេសទាំងពីរ៕

To Top