ចិន ជំរុញឲ្យពលរដ្ឋរបស់ខ្លួន កុំធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ខណៈជម្លោះកំពុងមានភាពតានតឹង
ប៉េកាំង៖ ជម្លោះការទូតកាន់តែកើនឡើងជុំវិញការកត់សម្គាល់ថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi លើកោះតៃវ៉ាន់ បានជំរុញឱ្យស្ថានទូតចិនប្រចាំប្រទេសជប៉ុន ចេញការព្រមានថ្មីសម្រាប់ការធ្វើដំណើរសម្រាប់ប្រទេសជិតខាង ដោយអះអាងថាបរិយាកាសសន្តិសុខជប៉ុនកាន់តែយ៉ាប់យ៉ឺន។
នៅក្នុងការជូនដំណឹងលើកទីពីរ ដែលចេញផ្សាយនៅយប់ថ្ងៃពុធ បន្ទាប់ពីការជូនដំណឹងមួយនៅថ្ងៃទី ១៤ ខែវិច្ឆិកា ស្ថានទូតបានជំរុញឱ្យពលរដ្ឋចិនដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនរួចហើយ បង្កើនការយល់ដឹងអំពីសុវត្ថិភាពរបស់ពួកគេ និងការពារខ្លួនឯង ដោយសំដៅទៅលើ “របាយការណ៍ថ្មីៗជាច្រើន” ពីជនបរទេសថា ពួកគេត្រូវបាន “រំលោភបំពាន វាយដំ និងរងរបួស” ដោយមិនមានការញុះញង់អ្វីឡើយ។
ក្រសួងការបរទេសជប៉ុន បានបង្ហាញទិន្នន័យឧក្រិដ្ឋកម្មកាលពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីបដិសេធការអះអាងរបស់ចិន។ អាជ្ញាធរជប៉ុនបានបង្ហាញថា មានឃាតកម្មចំនួនប្រាំពីរករណី និងអំពើប្លន់ចំនួន ២១ ករណីនៅក្នុងប្រទេសជប៉ុន ដែលពាក់ព័ន្ធនឹងជនជាតិចិន ចន្លោះខែមករា និងខែតុលា ឆ្នាំនេះ បើប្រៀបធៀបទៅនឹងឃាតកម្មចំនួន ១៤ ករណី អំពើប្លន់ចំនួន ១៨ ករណី និងករណីដុតផ្ទះចំនួនបីករណី ដែលប៉ះពាល់ដល់ជនជាតិចិនក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។
តួលេខទាំងនេះរួមមានករណីដែលជនល្មើសជាជនជាតិចិន។ ដោយមិនបានបង្ហាញពីទិន្នន័យជាក់លាក់ណាមួយ ស្ថានទូតចិនបានឲ្យដឹងថា ចំនួនសំណើសុំជំនួយ ដែលធ្វើឡើងដោយពលរដ្ឋនៃប្រទេសនេះទាក់ទងនឹងការរើសអើងប្រឆាំងនឹងពួកគេនៅក្នុងប្រទេសជប៉ុនបាន “កើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងខែវិច្ឆិកា”។
ស្ថានទូតក៏បានគូសបញ្ជាក់ពីស្ថិតិ ដែលចងក្រងដោយទីភ្នាក់ងារប៉ូលីសជាតិជប៉ុន ដែលបង្ហាញថាចំនួនករណីព្រហ្មទណ្ឌនៅក្នុងប្រទេសបានកើនឡើងពីប្រហែល ៥៦៨,០០០ករណី ក្នុងឆ្នាំ ២០២១ ដល់ប្រហែល ៧៣៨,០០០ករណី ក្នុងឆ្នាំ ២០២៤៕
ប្រែសម្រួល ឈូក បូរ៉ា
