ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជា ស្នើអង្គការកាកបាទក្រហមអន្តរជាតិ ជំរុញភាគីថៃដោះលែងយោធិនកម្ពុជាទាំង ១៨រូប ឱ្យបានឆាប់រហ័ស

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើអង្គការកាកបាទក្រហមអន្តរជាតិ (ICRC) បន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង ១៨រូប និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័ស។

ការស្នើរបស់ លោកបណ្ឌិត លី ធុជ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Gilles Carbonnier អនុប្រធានអង្គការកាកបាទក្រហមអន្តរជាតិ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលនៃការចូលរួមកិច្ចប្រជុំលើកទី២២ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងនោះផងដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការកាកបាទក្រហមអន្តរជាតិ ដែលបានផ្តល់កិច្ចសហការ និងគាំទ្រដល់កម្ពុជា ក្នុងការទាមទារឱ្យដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយខុសច្បាប់របស់យោធាថៃ។

លោកទេសរដ្ឋមន្ត្រី ក៏បានស្នើដល់អង្គការកាកបាទក្រហមអន្តរជាតិ បន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជាទាំង១៨រូប និងជំរុញឱ្យថៃដោះលែងយោធិនកម្ពុជាទាំងអស់ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចត្រលប់មកជួបជុំក្រុមគ្រួសារវិញប្រកបដោយសុខសុវត្ថិភាព។

ជាការឆ្លើយតប លោក Gilles Carbonnier បានលើកឡើងថា អង្គការកាកបាទក្រហមអន្តរជាតិ នឹងបន្តតាមដានសុខទុក្ខរបស់វីរកងទ័ពកម្ពុជា និងសន្យាធ្វើការជាបន្តចំពោះបញ្ហានេះ ជាមួយគ្រប់ភាគីពាក់ព័ន្ធ៕

To Top