រុស្ស៊ី ថ្កោលទោសការវាយប្រហាររបស់អ៊ុយក្រែន លើនាវាដឹកប្រេង និងកំពង់ផែនៅសមុទ្រខ្មៅ
មូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានថ្កោលទោសការវាយប្រហារថ្មីៗនេះរបស់អ៊ុយក្រែនលើនាវាដឹកប្រេងពីរគ្រឿង និងកំពង់ផែមួយនៅសមុទ្រខ្មៅ ដោយថ្កោលទោសអ្នកដែលបានគ្រោងទុក និងអនុវត្តការវាយប្រហារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួង លោកស្រី Zakharova បានឲ្យដឹងថា នាវាដឹកប្រេងពីរគ្រឿងដែលធ្វើដំណើរក្រោមទង់ជាតិហ្គាំប៊ី និងកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Novorossiysk របស់រុស្ស៊ី ត្រូវបានវាយប្រហារដោយយានគ្មានមនុស្សបើកនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍។ កំពង់ផែ Novorossiysk ក៏ត្រូវបានវាយប្រហារនៅថ្ងៃសៅរ៍ផងដែរ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “យើងត្រូវតែសង្កត់ធ្ងន់ថា ហេដ្ឋារចនាសម្ព័ន្ធថាមពលស៊ីវិលដែលមានគោលដៅ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពលសកល ហើយមិនដែលត្រូវបានទទួលរងនូវការរឹតបន្តឹង ឬទណ្ឌកម្មអន្តរជាតិណាមួយឡើយ” ដោយបន្ថែមថា ការវាយប្រហារទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកដ៏សំខាន់នេះ។
លោកស្រីបានបន្ថែមថា សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ លោកស្រីបានបញ្ជាក់ថា រុស្ស៊ីក៏អំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការវាយប្រហារទាំងនេះ និងផ្តល់ការវាយតម្លៃត្រឹមត្រូវអំពីសកម្មភាពបំផ្លិចបំផ្លាញ៕
ប្រែសម្រួល ឈូក បូរ៉ា
