សម្ព័ន្ធអង្គការនាំចេញប្រេង OPEC+ នឹងផ្អាកការបង្កើនទិន្នផលប្រេង នៅដើមឆ្នាំ២០២៦
វីយែន៖ យោងតាមសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យបានឲ្យដឹងថា អង្គការប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថា OPEC+ បានសម្រេចចិត្តផ្អាកការបង្កើនទិន្នផលប្រេងនៅក្នុងខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ ២០២៦ ដោយសារតែរដូវកាល។
ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់ប្រទេសជាសមាជិក រួមមានអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់ ដើម្បីពិនិត្យឡើងវិញនូវស្ថានភាពទីផ្សារសកល និងទស្សនវិស័យសេដ្ឋកិច្ច។
គួរបញ្ជាក់ថា បណ្ដាប្រទេសជាសមាជិកអង្គការនាំចេញប្រេង OPEC+ ចំនួន ៨ប្រទេសបានបង្កើនទិន្នផលប្រេងជារៀងរាល់ខែចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មកនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា ប្រទេសទាំងនោះនឹងអនុម័តវិធីសាស្រ្តប្រុងប្រយ័ត្ន និងរក្សាភាពបត់បែនពេញលេញក្នុងការកែសម្រួលទិន្នផលរបស់ពួកគេតាមតម្រូវការ។ ប្រទេសទាំងនោះត្រូវបានគ្រោងនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៦ ដើម្បីធ្វើការសម្រេចចិត្តបន្ថែមទៀត៕
ប្រែសម្រួល ឈូក បូរ៉ា
