មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ វិជ្ជាជីវៈវេជ្ជសាស្រ្ត គឺជាវិជ្ជាជីវៈដែលត្រូវដាក់ផលប្រយោជន៍អ្នកជំងឺ លើសផលប្រយោជន៍របស់គ្រូពេទ្យ
ត្បូងឃ្មុំ៖ លោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានលើកឡើងថា វិជ្ជាជីវៈវេជ្ជសាស្រ្ត គឺជាវិជ្ជាជីវៈដែលត្រូវដាក់ ផលប្រយោជន៍អ្នកជំងឺ លើសផលប្រយោជន៍របស់គ្រូពេទ្យ ហើយបានជំរុញអោយគ្រូពេទ្យកម្ពុជាទាំងអស់រួបរួមគ្នា ពង្រឹងក្រមសីលធម៌និងភាពជាអ្នកមានវិជ្ជាជីវៈ ដើម្បីបម្រើប្រជាជននិងទាក់ទាញអោយបាននូវទំនុកចិត្តរបស់ប្រជាជន ហើយចុងក្រោយបំផុត គឺដើម្បីលើកតំកើងកិត្តិយស គ្រូពេទ្យកម្ពុជា។

ក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងទិវាអភិវឌ្ឍន៍ វិជ្ជាជីវៈវេជ្ជសាស្រ្តបន្ត លើកទី១៦ ដែលធ្វើឡើងនៅសាលប្រជុំ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ លោក ឡឹម តារា បានណែនាំឱ្យគណៈគ្រូពេទ្យរាជធានីខេត្ត ដាក់បញ្ចូលប្រធានបទទាក់ទងនឹង ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្ត និងគោលការណ៍ក្រមសីធម៌គ្រូពេទ្យ បន្ថែមទៅលើប្រធានបទបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈ ដើម្បីបញ្រ្ជាបការយល់ដឹងពីលក្ខខ័ណ្ឌតម្រូវ គុណវុឌ្ឍិ សមត្ថភាព និងសម្បទា រួមទាំងដែនកំណត់នៃការប្រកបវិជ្ជាជីវៈដល់គ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស។
លោក ក៏បានបង្ហាញពីបេសកម្ម របស់គណៈគ្រូពេទ្យក្នុងការចូលរួម ជាមួយក្រសួងសុខាភិបាលធ្វើការកែទម្រង់ វិស័យសុខាភិបាល សំដៅធ្វើអោយគុណភាពសេវាទាំងរដ្ឋ និងឯកជនមានភាពប្រសើរឡើង។

នាឱកាសនោះ លោក ឆន មុនី ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តត្បូងឃ្មុំ បានបង្ហាញនៅរបាយការណ៍ថាទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៦ គឺសំដៅបង្កើនការអនុវត្តន៍ដែនកំណត់ និងនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រ ការបណ្តុះបណ្តាលបន្ត ជំរុញការលើកកម្ពស់សមត្ថភាព គុណវុឌ្ឍន៍ ក្រមសីលធម៌វិជ្ជាជីវៈ សម្បទា ដែលមានវិសាលភាពទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទាំងសេវាសាធារណៈ និងឯកជន ដើ្បម្បីធានាបាននូវសុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព មានទំនុកចិត្ត ដើម្បីចូលរួមកាត់បន្ថយអត្រាឈឺ ស្លាប់ ពិការភាព និងអត្រាគ្រោះថ្នាក់ផ្សេងៗ បណ្តាលមកពីការព្យាបាល ការប្រើប្រាស់ឪសថផ្សេងៗ ។

លោកបន្តថា គិតត្រឹមឆ្នាំ២០២៥នេះ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ក៏ដូចជាក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត បានធ្វើការអនុវត្តការងារចុះបញ្ជី ការស្នើសុំអាជ្ញាបណ្ណគិតត្រឹមខែវិច្ឆិកា សរុបចំនួន៩០ នាក់ក្នុងនោះមានស្រីចំនួន២២នាក់, ការងារអភិវឌ្ឍន៏វិជ្ជាជីវៈវេជ្ជសាស្ត្របន្ត បានធ្វើ CPD ចំនួន១៥លើករូចមកហើយ ព្រមទាំងបានផ្សព្ធផ្សាយជូនដំណឹងដល់វេជ្ជបណ្ឌិត គ្រូពេទ្យក្នុងខេត្តទាំងអស់(តាម Telegramme groupe)អំពីការចូលរួមទិវាអភិវឌ្ឍន៍វិជ្ជាជីវៈបន្តតាមប្រពន័្ធ ZOOM នៅគ្រប់បណ្តា ខេត្តផងដែរ ហើយក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំនេះ មានមណ្ឌលសុខភាពចំនួន៧៤ បុស្តិ៍សុខភាពចំនួន១ និងវស័យឯកជនមានចំនួន ៤៨កន្លែង។


ដោយ៖ ជឿន សុធន/ត្បូងឃ្មុំ/ដើមអម្ពិល/
