កម្ពុជា-ប្រេស៊ីល នឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន
ភ្នំពេញ ៖ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី វីវៀន ឡូស សាន់ម៉ាទីន (Vivian Loss Sanmartin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈភាគីទាំងពីរ នឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនៃជំនួប, លោកស្រី បានបង្ហាញនូវសេចក្ដីសោមនស្សជាខ្លាំង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រេស៊ីលទី១ ប្រចាំកម្ពុជា ក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ, លោកស្រី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានការវិវត្តរីកចម្រើនឥតឈប់ឈរ រហូតឈានដល់ការបើកស្ថានទូតទៅវិញទៅមក ។ ក្នុងអាណត្តិការទូតនេះ, លោកស្រី ប្ដេជ្ញាថា នឹងខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនលើវិស័យជាច្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចបវរធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការបើកស្ថានទូតទៅវិញទៅមក។ សម្ដេចបវរធិបតីមានជំនឿយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់លោកជំទាវ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងកាន់តែរីកលូតលាស់ និង រឹងមាំ។ ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យលោកជំទាវបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានផ្លែផ្កាបន្ថែមទៀត។
សម្ដេចបវរធិបតី និងលោកស្រី ឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, កសិកម្ម, បរិស្ថាន, ថាមពលកកើតឡើងវិញ, សុខាភិបាល និង សន្តិសុខ៕
