ព័ត៌មានជាតិ

សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សា

កណ្តាល៖ សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សាដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មូលនិធិចិនសប្បុរសធម៌ Zhongdao ប៉េកាំង និងមជ្ឈមណ្ឌលបោះពុម្ពផ្សាយនិងចែកចាយអន្តរជាតិចិន បានរួមគ្នារៀបចំកម្មវិធីចែកសម្ភារសិក្សាអេឡិកត្រូនិកជូនដល់សិស្សមត្តេយ្យសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីលោក ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា កម្មវិធីនេះមានគោលបំណងសំខាន់ចំនួន៤គឺ ១-រួមកម្លាំងគ្នារវាងសង្គមស៊ីវិលកម្ពុជានិងចិនក្នុងការធ្វើទំនើបកម្មការសិក្សានៅកម្រិតមត្តេយ្យសិក្សា ២-លើកទឹកចិត្តដល់ការសិក្សារបស់សិស្សផ្តើមពីកម្រិតមត្តេយ្យដោយប្រើប្រាស់វិធីសាស្ត្រឌីជីថល ៣-បង្កើនកម្លាំងចលករដល់អំណាននៅក្នុងបណ្ណាល័យមេគង្គ-ឡានឆាង និង៤-ពន្លាតទំនាក់ទំនងកាន់តែប្រសើររវាងប្រជាជននិងប្រជាជន។

លោកបណ្ឌិតបានបន្ថែមថា កម្មវិធីនេះនឹងរួមចំណែកបន្ស៊ីជាមួយកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡា ដើម្បីបំពេញបាននូវតម្រូវការជាក់ស្តែងដល់សិស្សានុសិស្សក្នុងការប្រើប្រាស់កុំព្យូទ័រ Tablet និងវីដេអូសិក្សា សមស្របតាមអាយុ និងពេលវេលា។

លោក វង សាទៀង នាយកសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ដល់ម្ចាស់ជំនួយ និងបានរំលេចថា ដើម្បីរួមចំណែកនៅក្នុងការអភិវឌ្ឍពុទ្ធិរបស់សិស្សដោយផ្តើមពីមត្តេយ្យសិក្សា ក្នុងចរន្តនៃយុគសម័យឌីជីថល ហើយសាលាបានបង្កើតបណ្ដាញឌីជីថលសម្រាប់គ្រូមត្តេយ្យដើម្បីប្តូរយោបល់ សិក្សាជាក្រុម និងទទួលបានឯកសារបង្រៀនជាវីដេអូថ្មីៗតាមបែបឌីជីថល។ លោកក៏បានបន្ថែមថា ចាប់ពីឆ្នាំ២០២៣មក សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន តែងបានរួមចំណែកនៅក្នុងការកែទម្រង់កម្មវិធីបណ្ដុះបណ្ដាលគ្រូ និងលើកកម្ពស់ស្តង់ដារអាជីពគ្រូតាមរយៈការវាយតម្លៃសមត្ថភាព និងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសបន្ថែម។

គួរបញ្ជាក់ថា បន្ថែមពីលើបណ្ណាល័យមេគង្គ-ឡានឆាងទី២ដែលបានដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ២០២៤ នេះជាលើកទី២ដែលសង្គមស៊ីវិលកម្ពុជា-ចិនបានរួមគ្នាធ្វើទំនើបកម្មការសិក្សានៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ដោយបានក្តាឆ្នួនអេឡិចត្រូនិកចំនួន១០០បន្ទះ ក្តារខៀនកញ្ចក់ចំនួន២ផ្ទាំង សៀវភៅអេឡិកត្រូនិករៀនភាសាចិនចំនួន១០០ក្បាល៕

To Top