ស្រុក Changting ជាស្រុកដែលលោក Xi Jinping តែងតែនឹករលឹក និងយកចិត្តទុកដាក់ ត្រូវបានផ្លាស់ប្តូរជាមួយនឹង “អាវពណ៌បៃតង” ថ្មី!
នៅក្នុងកិច្ចប្រជុំស្តីពីផែនដីឌីជីថលអន្តរជាតិលើកទី១៤ ដែលបានប្រារព្ធធ្វើឡើងនៅឆ្នាំនេះ “ការអនុវត្តរបស់ស្រុក Changting ក្នុងការគ្រប់គ្រងការហូរច្រោះដី និងការអភិវឌ្ឍប្រកបដោយចីរភាព” ត្រូវបានជ្រើសរើសជាករណីគំរូដោយជោគជ័យ និងត្រូវបានផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោក បានផ្តល់នូវចម្លើយយ៉ាងក្បោះក្បាយ និងការអាចធ្វើទៅបានរបស់ចិនក្នុងការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី និងការស្តារ និងអភិវឌ្ឍបរិស្ថានបៃតងនៃតំបន់ដែលងាយរងគ្រោះផ្នែកខាងអេកូឡូស៊ីនៅទូទាំងពិភពលោក។ តើអ្នកណាអាចនឹកគិតថា ស្រុកតូចមួយនេះ ដែលបច្ចុប្បន្ននេះពោរពេញដោយរុក្ខជាតិបៃតង ធ្លាប់ជាតំបន់មួយក្នុងចំណោមតំបន់ដីក្រហមភាគខាងត្បូងនៃប្រទេសចិន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតពីការហូរច្រោះដី។
នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ១៩៩៩ លោក Xi Jinping អតីតលេខាធិការរងនៃគណៈកម្មការបក្សប្រចាំខេត្តហុកគាន និងជាអភិបាលខេត្តស្តីទី បានទៅចុះត្រួតពិនិត្យការងារនៅឃុំ Hetian ស្រុក Changting ។ ដោយបានសម្លឹងមើលភ្នំដីក្រហមដែលលាតសន្ធឹងដល់ជើងមេឃ លោកបានចង្អុលបង្ហាញយ៉ាងម៉ឺងម៉ាត់ថា “ស្រុក Changting មានតំបន់ហូរច្រោះដីធំជាងគេនៅក្នុងខេត្ត។ ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយទេ ប្រជាជននឹងជួបការលំបាក មិនអាចរស់ដោយសេចក្តីសុខបានឡើយ “។
នៅថ្ងៃដដែល លោក Xi Jinping បានផ្តល់អនុសាសន៍ណែនាំថា គោលដៅគ្រប់គ្រងតំបន់អាងទឹកត្រូវតែសម្រេចបានក្នុងរយៈពេល ៨ ទៅ ១០ ឆ្នាំ។ លោកក៏បានសន្យាផងដែរថា “រដ្ឋបាលខេត្តនឹងផ្តល់ការអនុគ្រោះដល់ស្រុក Changting ទាំងគោលនយោបាយ និងថវិកា”។
ក្រោមការជំរុញរបស់លោក Xi Jinping រដ្ឋបាលខេត្តហុកគានបានទម្លាក់ថវិកាចំនួន ១០ លានយាន់ប្រាក់ចិនជារៀងរាល់ឆ្នាំដល់ស្រុក Changting សម្រាប់ប្រើប្រាស់ក្នុងការងារអភិរក្សដីមិនឱ្យហូរច្រោះរយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។ នៅពេលដឹងថា កម្មាភិបាល និងប្រជាពលរដ្ឋរស់នៅស្រុក Changting បានបរិច្ចាគថវិកា សម្រាប់ការសាងសង់ឧទ្យានអេកូឡូស៊ីសតវត្សរ៍ Hetian លោក Xi Jinping បានផ្តាំគេឱ្យពាំនាំនូវថវិកាចំនួន ១ ពាន់យាន់ប្រាក់ចិន ដើម្បីដាំដើមកាំហ្វ័រមួយដើមក្នុងឧទ្យាននេះ។ លើសពីនេះ លោកបានលើកឡើងនូវយុទ្ធសាស្ត្រគ្រប់គ្រងដ៏សំខាន់មួយ៖ “ស្រុក Changting គួរតែរួមបញ្ចូលគ្នានូវការធ្វើអភិបាលកិច្ចទាំងផ្នែកបច្ចេកទេស អេកូឡូស៊ី សង្គម និងសេដ្ឋកិច្ចជាពិសេស ដើម្បីធ្វើអភិបាលកិច្ចចម្រុះ”។
បន្ទាប់ពីចាកចេញពីខេត្តហុកគាន ការយកចិត្តទុកដាក់របស់លោក Xi Jinping ចំពោះការអភិវឌ្ឍនៃស្រុក Changting មិនដែលឈប់ឡើយ។ នៅឆ្នាំ ២០១១ លោកបានបង្គាប់ឱ្យផ្តល់ការគាំទ្របន្ថែមទៀត ដោយធ្វើការបូកសរុប បទពិសោធរបស់ស្រុក Changting ដើម្បីជំរុញការងារដោះស្រាយបញ្ហាហូរច្រោះដីនៅទូទាំងប្រទេស។
ការតស៊ូជាបន្តបន្ទាប់ជាងពីរទសវត្សរ៍ ទីបំផុតបានផ្តល់ជាលទ្ធផលផ្លែផ្កា។ សព្វថ្ងៃនេះ អត្រាគ្របដណ្តប់ព្រៃឈើរបស់ស្រុក Changting បានលើសពី ៧៩,៥៥% ហើយអត្រាអភិរក្សដីកុំឱ្យហូរច្រោះ បានកើនឡើងដល់ ៩៣,៥៦% ដោយសម្រេចបានជោគជ័យក្នុងការអភិរក្សដីកុំឱ្យហូរច្រោះ។ ដើមកាំហ្វ័រ ដែលធ្លាប់ជាតំណាងនៃក្តីសង្ឃឹមបៃតង បានបែកមែកសាខា និងបានក្លាយជា «និមិត្តសញ្ញានៃប្រព័ន្ធអេកូឡូស៊ី» ជាទីកន្លែងដ៏មនោរម្យសម្រាប់ភ្ញៀវទេសចរជាច្រើនឈប់ថតរូប៕
