ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ បញ្ជាក់ពីសារៈសំខាន់ នៃការសហការគ្នាបន្ថែមទៀត ដើម្បីបន្តកែលម្អកម្មវិធីសិក្សាភាសាបារាំង ឱ្យកាន់តែមានភាពទាក់ទាញ

សៀមរាប ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការសហការគ្នាបន្ថែមទៀត ដើម្បីបន្តកែលម្អកម្មវិធីសិក្សាភាសាបារាំង ឱ្យកាន់តែមានភាពទាក់ទាញ សំដៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។

ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំនៃមន្ទីរអប់រំ យុវជន និងកីឡា និងគ្រូបង្រៀនថ្នាក់ពីរភាសាបារាំង-ខ្មែរ ក្នុងខេត្តសៀមរាប នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជ្រោមជ្រែងវិស័យអប់រំ ជាពិសេសការបន្តនិរន្តរភាពនៃការរៀននិងបង្រៀនភាសាបារាំងប្រកបដោយគុណភាព និងប្រសិទ្ធិភាព។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានជំនាញ និងក្រុមការងារលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការភាសាបារាំង ក្នុងការចូលរួមពង្រឹង និងលើកកម្ពស់ការបង្រៀន និងរៀនភាសាបារាំង រួមទាំងលទ្ធផលសម្រេចបាននាពេលកន្លងមក នៃការអនុវត្តកម្មវិធីសិក្សាថ្នាក់ពីរភាសាបារាំង-ខ្មែរ ជីវភាសាទី១-ទី២ រួមទាំងការព្យាយាមដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

ដើម្បីបន្តជំរុញ និងលើកកម្ពស់ការពង្រឹងការបណ្តុះបណ្តាលភាសាបារាំង លោកឧបនាយករដ្ឋមន្ត្រី បានអនុសាសសន៍មួយចំនួន ដូចជា ៖ បន្ថែមការផ្សព្វផ្សាយបញ្ជ្រាបពីសារៈសំខាន់ និងឱកាសដែលទទួលបានពីការសិក្សាភាសាបារាំង, បង្តើតក្លឹបសិក្សា តម្រង់ទិសវិជ្ជាជីវៈ និងជំនាញពាក់ព័ន្ធនឹងភាសាបារាំង និងឱកាសទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា, ពង្រឹងការបណ្តុះបណ្តាល និងបំប៉នសមត្ថភាពគ្រូបង្រៀនភាសាបារាំង ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ក្នុងការចូលរួមចំណែកអនុវត្តកំណែទម្រង់វិស័យអប់រំឱ្យរីកចម្រើនឡើងជាលំដាប់ និងសូមលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសការចូលរួមរបស់អាណាព្យាបាលសិស្សទាំងអស់ក្នុងការជួយជ្រោមជ្រែងវិស័យអប់រំ រួមទាំងភាសាបារាំងឱ្យកាន់តែល្អប្រសើរ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការសហការគ្នាបន្ថែមទៀត ដើម្បីបន្តកែលម្អកម្មវិធីសិក្សាភាសាបារាំងឱ្យកាន់តែមានភាពទាក់ទាញ សំដៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស ជំរុញបង្កើតឱ្យបាននូវធនធានមនុស្សរឹងមាំនិងមានគុណភាព»៕

To Top