ព័ត៌មានអន្តរជាតិ

លោក ត្រាំ ទទួលរងការរិះគន់យ៉ាងខ្លាំង​ ជុំវិញការលេីកឡេីងរបស់លោក​ ស្ដីពីការបិទដែនអាកាសវេណេស៊ុយអេឡា​

ប៉េកាំង៖​ ការកត់សម្គាល់របស់លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ លើការបិទដែនអាកាសវេណេស៊ុយអេឡា​ បានបង្កឱ្យមានការថ្កោលទោសយ៉ាងទូលំទូលាយចំពោះការធ្វើឱ្យសន្តិសុខធ្វើដំណើរតាមផ្លូវអាកាសសកល ស្ថិរភាព និងសន្តិភាពក្នុងតំបន់។

លោក ត្រាំ​ បានឧ្យដឹងនៅក្នុងការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ដែនអាកាសខាងលើ និងជុំវិញវេណេស៊ុយអេឡា​ គួរតែត្រូវបានចាត់ទុកថា​ ត្រូវបានបិទ “ទាំងស្រុង”។

ការកត់សម្គាល់របស់លោកបានកើតឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន​ បានពង្រឹងការកសាងយោធារបស់ខ្លួននៅក្នុងសមុទ្រការីប៊ីន​ ដោយផ្អែកលើមូលដ្ឋាននៃ “ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន”។

ក្នុងចំណោមភាពតានតឹងកើនឡើងរវាងប្រទេសទាំងពីរ លោក ត្រាំ បានបញ្ជាក់កាលពីថ្ងៃអាទិត្យអំពីការហៅទូរស័ព្ទជាមួយសមភាគីវេណេស៊ុយអេឡារបស់លោក ដោយមិនបានបង្ហាញព័ត៌មានលម្អិតអំពីការសន្ទនារបស់អ្នកទាំងពីរឡើយ។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា​ ម៉ាឌូរ៉ូ ដែលបានបដិសេធការជាប់ពាក់ព័ន្ធណាមួយក្នុងការជួញដូរគ្រឿងញៀន បានផ្ញើលិខិតមួយទៅកាន់លោក Haitham Al Ghaism អគ្គលេខាធិការនៃអង្គការប្រទេសនាំចេញប្រេង ដោយព្រមានថា ការគំរាមកំហែងផ្នែកយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ការីប៊ីន​ អាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពទីផ្សារថាមពលសកល។

ប្រទេសវេណេស៊ុយអេឡា ដោយអះអាងថា ទីក្រុងវ៉ាស៊ីនតោន​ កំពុងស្វែងរកការផ្លាស់ប្តូររបបនៅក្នុងប្រទេសអាមេរិកខាងត្បូង និងការគ្រប់គ្រងទុនបំរុងប្រេងដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន បានស្បថនៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃសៅរ៍ថា នឹងឆ្លើយតបដោយស្របច្បាប់ និងសេចក្តីថ្លៃថ្នូរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top