អ៊ីរ៉ង់ អះអាងថា អាមេរិកក្លាយជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា សហរដ្ឋអាមេរិកបានក្លាយជា «ការគំរាមកំហែងដ៏ធំបំផុត» ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយសារតែអាកប្បកិរិយាថ្មីៗរបស់ខ្លួន ចំពោះប្រទេសដទៃទៀត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយនៅរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ លោក Baghaei បានរិះគន់សកម្មភាពអរិភាពរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងប្រទេសដូចជាប្រទេសវេណេស៊ុយអេឡា និងការគាំទ្ររបស់ខ្លួន ចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលនៅអាស៊ីខាងលិច។
លោកបានលេីកឡេីងថា “នៅគ្រប់ទិសទីនៃពិភពលោក យើងកំពុងឃើញសកម្មភាពដែលផ្អែកលើការគំរាមកំហែង និងលងកម្លាំងពីសហរដ្ឋអាមេរិក។
នៅអឌ្ឍគោលខាងលិច ការគំរាមកំហែងប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡា គុយបា នីការ៉ាហ្គា និងសូម្បីតែប្រេស៊ីល និងម៉ិកស៊ិក ត្រូវបានធ្វើម្តងទៀតជាញឹកញាប់ដោយមន្ត្រីអាមេរិក”។
លោក Baghaei ក៏បានរិះគន់សេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកថា ដែនអាកាសរបស់ប្រទេសវេណេស៊ុយអេឡា គួរតែត្រូវបានចាត់ទុកថាបិទ ដោយហៅវាថាជា “សកម្មភាពដែលមិនធ្លាប់មានពីមុនមក” ដែលរំលោភលើស្តង់ដារ និងបទប្បញ្ញត្តិអន្តរជាតិ រួមទាំងបទប្បញ្ញត្តិដែលគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍។
លោកបានលើកឡើងបន្ថែមទៀតអំពីការគំរាមកំហែងរបស់លោក ត្រាំ ប្រឆាំងនឹងប្រទេសអាហ្វ្រិក ដូចជាការប្រកាសរបស់លោកក្នុងការរារាំងប្រទេសអាហ្វ្រិកខាងត្បូងពីការចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឆ្នាំក្រោយ ជាឧទាហរណ៍មួយទៀតនៃវិធីសាស្រ្តអរិភាពរបស់ទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល ឈូក បូរ៉ា
