ព័ត៌មានជាតិ

កម្ពុជា-ថៃ បោះបង្គោលបណ្តោះអាសន្នបានចំនួន៣៩ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ

បន្ទាយមានជ័យ៖ មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានផ្តល់របាយការណ៍វឌ្ឍនភាពថ្មី ស្តីពីការងារចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលលេខ ៤២ដល់៤៧ ក្នុងនោះ បោះបង្គោលបណ្តោះអាសន្នបាន ៣៩បង្គោល ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យនិងខេត្តស្រះកែវ ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។

១. ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២៥៖
ក្រុមវាស់វែងចម្រុះ នៃភាគីកម្ពុជា និងភាគីថៃ បានអនុវត្តការងារ វាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែង។ ទីតាំងអនុវត្តន៍: កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ (ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ)។ លទ្ធផល: ក្រុមការងារបានបោះបង្គោលបណ្តោះអាសន្នបានចំនួន ៣៩ បង្គោល លើចំនួនសរុប ២៧៧ បង្គោលបណ្តោះអាសន្ន ដែលត្រូវអនុវត្តនៅក្នុងកំណាត់ខ្សែនេះ។


២. ការងារបច្ចេកទេសបង្កើតផែនទី (១៩ ដល់ ២៧ វិច្ឆិកា) ការថតរូបពីលើអាកាស: ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានបញ្ចប់ទាំងស្រុងការងារ ថតរូបពីលើអាកាសដោយប្រើដ្រូន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ដែលមានប្រវែងប្រមាណ៧គីឡូម៉ែត្រ។

ការរៀបចំទិន្នន័យ: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាស ដើម្បីបង្កើត ផែនទីរូបថត (Photomap) សម្រាប់ប្រើប្រាស់ជាមូលដ្ឋានបច្ចេកទេស។

ការងារនេះដំណើរការទៅមុខយ៉ាងរលូន និងមានការសហការល្អរវាងភាគីទាំងពីរ ដើម្បីឈានទៅរកការបោះបង្គោលព្រំដែនជាស្ថាព៕

To Top