ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ បញ្ឈប់ការដាក់ពាក្យសុំអន្តោប្រវេសន៍​ សម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឈប់ការដាក់ពាក្យសុំប័ណ្ណបៃតង និងសញ្ជាតិអាមេរិកសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសចំនួន ១៩ ដែលបានចុះបញ្ជីក្នុងការហាមឃាត់ការធ្វើដំណើរកាលពីដើមឆ្នាំនេះ នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។

ថ្មីៗនេះ​ សេវាពលរដ្ឋ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងពិនិត្យឡើងវិញនូវអ្នកកាន់ប័ណ្ណបៃតង (green card)ពី “ប្រទេសដែលមានការព្រួយបារម្ភ” ចំនួន ១៩ រួមទាំងប្រទេសអាហ្វហ្គានីស្ថានផងដែរ។

លោក Joseph Edlow នាយក USCIS បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “តាមការណែនាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ខ្ញុំបានដឹកនាំការពិនិត្យឡើងវិញយ៉ាងពេញលេញ និងហ្មត់ចត់នៃប័ណ្ណបៃតងនីមួយៗសម្រាប់ជនបរទេសគ្រប់រូបមកពីប្រទេសដែលមានការព្រួយបារម្ភ”។

គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីទាហានឆ្មាំជាតិពីរនាក់ត្រូវបានបាញ់ និងរងរបួសយ៉ាងធ្ងន់ធ្ងរនៅជិតសេតវិមាន ដោយជនសង្ស័យម្នាក់ដែលត្រូវបានគេស្គាល់ថា ជាជនជាតិអាហ្វហ្គានីស្ថាន ដែលបានចូលសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top