កម្ពុជា-WB គ្រោងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ ២៦០លានដុល្លារ
ភ្នំពេញ ៖ កម្ពុជា និងធនាគារពិភពលោក (WB) គ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ចំនួន ២៦០ លានដុល្លារ។

ជាមួយនឹងគម្រោងនេះ ភាគីទាំងពីរក៏នឹងគ្រោងបង្កើនទំហំហិរញ្ញប្បទាននេះបន្ថែមទៀត តាមរយៈការកៀរគរពីប្រភពផ្សេងៗទៀតក្នុងឆ្នាំបន្តបន្ទាប់ ។ នេះបើតាមយោងតាមលទ្ធផលនៃកិច្ចជំនួបរវាងលោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោកស្រី ម៉ារីយ៉ាម សើរមែន នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា, វៀតណាម និងឡាវ កាលពីពេលថ្មីៗនេះ។

សេចក្តីប្រកាសស្តីពីលទ្ធផលជំនួបក៏បានរំលេចភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងធនាគារពិភពលោក សម្រាប់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាដែលផ្តោតលើ វិស័យសំខាន់ៗរួមមាន ៖ វិស័យអប់រំ, វិស័យសុខាភិបាល, វិស័យថាមពល, វិស័យហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង ការកែទម្រង់ជារចនាសម្ព័ន្ធតាមរយៈកម្មវិធីអភិវឌ្ឍន៍គោលនយោបាយ ដើម្បីពង្រឹងភាពធន់, ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងខ្សែច្រវ៉ាក់ផលិតកម្ម, ការពង្រឹងភាពប្រកួតប្រជែង, និងការបង្កើនការងារធ្វើ សំដៅជំរុញកំណើន និងការអភិវឌ្ឍរបស់កម្ពុជាឱ្យកាន់តែលឿនរហ័ស ៕
