ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ បានលើកឡើងថា ការរិះគន់លើការចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល គឺជាការរិះគន់បែបងងឹតងងុល ហើយមានចេតនាបន្ទច់បង្អាក់ភាពរីកចម្រើនរបស់ពលរដ្ឋខ្មែរ។ ការលើកឡើងនេះ គឺបន្ទាប់ពីមានសកម្មជនអតីតគណបក្សប្រឆាំងខុសច្បាប់នៅក្រៅប្រទេស បានរិះគន់ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍នៅថ្ងៃទី៤ ខែធ្នូនេះថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងប្រទេសកម្ពុជា និងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ គឺជាការបើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក ដែលនឹងកំណត់នូវយន្តការ និងអាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជា អាចពិចារណាក្នុងការទៅធ្វើការងារលើវិស័យកសិកម្ម និងវិស័យផ្សេងទៀត នាពេលដ៏ខ្លីខាងមុខនេះ។

លោកបន្តថា ប្រទេសអ៊ីស្រាអែល ជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ ដែលធ្វើឱ្យអ៊ីស្រាអែល គឺជាគោលដៅទីផ្សារការងាររបស់ពលករប្រទេសជាច្រើន ដែលចង់ទៅធ្វើការ។

អ្នកនាំពាក្យក្រសួងការងារ បានបន្ថែមថា ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល គឺក្រសួងការងារ បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្វែងរកឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ពិសេសការអភិវឌ្ឍទីផ្សារការងារដែលមានប្រាក់ចំណូលខ្ពស់ និងពង្រឹងប្រសិទ្ធភាពនៃយន្ដការសម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាព នៃការផ្ដល់សេវាការងារ និងព័ត៌មានទីផ្សារការងារ ជាដើម។

លោកបន្តថា ក្រៅពីការជួយស្វះស្វែងរកឱកាសការងារក្នុងស្រុកជូនប្រជាពលរដ្ឋហើយនោះ, ក្រសួងការងារ ក៏បានខិតខំផ្ដល់នូវជម្រើសជូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការងារនៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋ ដែលមិនត្រឹមតែអាចបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ព្រមទាំងអាចផ្ញើប្រាក់មកជូនក្រុមគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ ថែមទៀត។

យ៉ាងណាក៏ដោយ លោក ស៊ុន មេសា បានបញ្ជាក់ថា ក្រសួងការងារ បានខិតខំស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋ ទាំងឱកាសការងារក្នុងស្រុក និងក្រៅស្រុកពិតមែន តែការជ្រើសរើសបែបណានោះ គឺជាសិទ្ធិសម្រេចរបស់ប្រជាពលរដ្ឋម្នាក់ៗ៕
