ព្រឹត្តិការណ៍ដំណើរផ្សងព្រេងឡើងភ្នំតាក្រហម ក មិនត្រឹមតែជាដំណើរកម្សាន្ត តែក៏ជាការផ្សព្វផ្សាយ អំពីផលិតផលទេចរណ៍ផ្សងព្រេង នៅក្នុងខេត្តពោធិ៍សាត់
ភ្នំពេញ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ នឹងរៀបចំព្រឹត្តិការណ៍ដំណើរទេសចរណ៍ផ្សងព្រេងឡើង «ភ្នំតាក្រហម ក» ស្ថិតនៅសហគមន៍រាំងខ្វាវ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងចាប់ផ្ដើម នៅថ្ងៃទី៥-៦-៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចេញដំណើរពីសហគមន៍រាំខ្វាវ។
ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក មីលីយ៉ា សុវត្ថិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ទេសចរណ៍ផ្សងព្រេង នៅក្នុងខេត្តពោធិ៍សាត់ មានច្រើនគោលដៅ ក្នុងនោះមានទេសចរណ៍ផ្សងព្រេងភ្នំព្រះ ទេសចរណ៍ផ្សងព្រេងភ្នំទំពណ៌ និងគោលដៅទេសចរណ៍ផ្សងព្រេងភ្នំតាក្រហម ក ដែលបច្ចុប្បន្ននេះមានសហគមន៍ស្រាប់ នៅក្នុងតំបន់នោះ ហៅថាសហគមន៍ការពារធម្មជាតិ នៅក្នុងក្របខណ្ឌក្រសួងបរិស្ថាន ។

បន្ថែមលើនេះ គោលបំណងនៃការរៀបចំ ព្រឹត្តិការណ៍ដំណើរផ្សងព្រេង ឡើងភ្នំតាក្រហម ក គឺដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយ អំពីផលិតផលទេចរណ៍ផ្សងព្រេង នៅក្នុងខេត្តពោធិ៍សាត់ ។ ក្នុងនោះលោកប្រធានមន្ទីរទេសចរណ៍ខេត្ក សង្កេតឃើញថា ដំណើរផ្សងព្រេងឡើងភ្នំ ហាក់មិនទាន់ទទួលបានការពេញនិយមនៅឡើយ សម្រាប់ទេសចរក្នុងស្រុក ប៉ុន្តែសម្រាប់នៅបរទេស គឺជាការផ្សងព្រេងមួយដែលពេញនិយមខ្លាំង។

លោក មីលីយ៉ា សុវត្ថិធី ក៏បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ដំណើរទេសចរណ៍ផ្សងព្រេង ឡើង «ភ្នំតាក្រហម ក» នេះ នឹងផ្តល់ឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍ថ្មី តាមរយៈការសម្រាកបោះតង់ រស់នៅជាមួយធម្មជាតិនៅលើកំពូលភ្នំ ១ឬ២យប់ ជាពិសេសភ្ញៀវទេសចរ អាចថតរូបជាមួយទេសភាពស្រស់ស្អាត បែបធម្មជាតិ ហើយនឹងក្លាយជាអ្នកផ្សព្វផ្សាយ ពីសក្តានុពលរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀតទៅខាងក្រៅ ។
លោក មីលីយ៉ា សុវត្ថិធី មានប្រសាសន៍ថា “ដំណើរផ្សព្វព្រេង ឡើងភ្នំក្រហម ក ទទួលបានការចាប់អារម្មណ៍ ពីភ្ញៀវទេសចរច្រើន ប៉ុន្តែក្រោយពីបានស្តាប់នីតិវិធី ក៏ដូចជាផលលំបាកមួយចំនួន ក្នុងការធ្វើដំណើរផ្សងព្រេង ក៏មានការថយចុះមកវិញ ដោយសារតែភ្ញៀវទេសចរមួយចំនួន យល់ថាមិនអាចតស៊ូនឹងដំណើរផ្សងព្រេងបាន ខណៈក្រោយមានការចម្រាញ់ជ្រើសរើសចុងក្រោយ នៅសល់ប្រហាក់ប្រហែល៣០ទៅ៤០នាក់ ដែលអាចតស៊ូបាន ដូចដែលយើងដឹងហើយថា ការផ្សងព្រេងមិនងាយស្រួលនោះទេ” ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ គូសបញ្ជាក់ថា សម្រាប់អ្នកចូលរួមដែលទៅដល់គោលដៅកំពូលភ្នំ នឹងទួលបានមេដៃ នៅលើទីតាំងចុងក្រោយនោះហើយថតអនុស្សាវរីយ៍ ដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ ។
ភ្នំតាក្រហមក មានទីតាំងក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់។ កំពូលភ្នំខ្វាវ ឬភ្នំលោកតាក្រហមក មានកម្ពស់ ១,២០០ម៉ែត្រ ដែលមានអណ្ដូងត្រាំស្បែកគង់ និងទឹកហូរស្ទឹងសេនាធិការ យ៉ាងស្រស់ស្អាត។
សូមបញ្ជាក់ថា ដើម្បីធ្វើដំណើរទៅលេងភ្នំខ្វាវ ហៅភ្នំតាក្រហម ក នេះ អ្នកទេសចរ អាចមានជ្រើសរើសផ្លូវធ្វើដំណើរចំនួនបីផ្សេងគ្នា ដោយចេញពីភ្នំពេញទៅដល់ផ្លូវទី១ គឺចូលតាមបំណក់ (ច្រកល្អៀង) ដែលមានប្រវែងប្រហែល ៣០គីឡូម៉ែត្រ ហើយផ្លូវទី២ ចូលតាមព្រងឹលស្រុកភ្នំក្រវាញ ដែលមានចម្ងាយប្រហែល ៤៧គីឡូម៉ែត្រ និងផ្លូវទី៣ ចូលតាមក្លោងទ្វាវត្តកណ្ដាល (ទីរួមស្រុកក្រវាញ) កាត់តាមភូមិមុលដែលមានប្រវែង ៣៧គីឡូម៉ែត្រ៕
