ព័ត៌មានអន្តរជាតិ

សភាអ៊ុយក្រែន អនុម័តថវិកាឆ្នាំ២០២៦

គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានរាយការណ៍ថា សភាអ៊ុយក្រែននៅថ្ងៃពុធ បានអនុម័តថវិការដ្ឋ សម្រាប់ឆ្នាំក្រោយ ក្នុងនោះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Serhiy Marchenko បានឲ្យដឹងថា ថវិកានេះផ្តល់អាទិភាពដល់ការចំណាយលើវិស័យការពារជាតិ ការគាំទ្រសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច។

ចំណូលថវិកាត្រូវបានគេព្យាករថា នឹងឈានដល់ ២,៩ ទ្រីលាន hryvnias (ប្រហែល ៦៨,៧ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំក្រោយ។ ប្រភពចំណូលសំខាន់ៗនឹងជាអាករលើតម្លៃបន្ថែម ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន និងការយកពន្ធយោធា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការចំណាយរបស់រដ្ឋត្រូវបានគេរំពឹងថានឹងមានចំនួនសរុប ៤,៨ ទ្រីលាន hryvnias រួមទាំង ២,៨ ទ្រីលាន hryvnias សម្រាប់វិស័យការពារជាតិ។ វិស័យចំណាយអាទិភាពផ្សេងទៀតរួមមាន សុខុមាលភាពសង្គម ការអប់រំ និងការថែទាំសុខភាព។ អ៊ុយក្រែនមានគម្រោងទទួលបានហិរញ្ញប្បទានពីខាងក្រៅប្រហែល ៦៥,៩ ពាន់លានដុល្លារនៅឆ្នាំក្រោយ ដែលនឹងជួយគ្របដណ្តប់លើឱនភាពថវិការបស់ប្រទេសនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top