ARDB ចូលរួមដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារ ក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ឆ្នាំ២០២៥
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ បុគ្គលិកនាយកដ្ឋានផ្នែកលក់ និងទីផ្សារ និងបុគ្គលិកនាយកដ្ឋានហិរញ្ញប្បទានបៃតង បានចូលរួមដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារ នៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៨ ឆ្នាំ២០២៥ «ក្រោមមូលបទយុគសម័យថ្មីនៃពាណិជ្ជកម្មស្តីពីការបង្កើនកិត្យានុភាពផលិតផលក្នុងស្រុក» ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម។

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះ រៀបចំនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តិទៅមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៥ នេះគឺព្រឹត្តិការណ៍ពិព័រណ៍កម្រិតពាណិជ្ជកម្មអន្តរជាតិរបស់ក្រសួងពាណិជ្ជកម្ម ដែលមានឈ្មោះដើមជាពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញនាំចូលដែលបានរៀបចំឡើងមកតាំងពីឆ្នាំ២០០៦ ហើយបន្ទាប់មកទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើការផ្លាស់ប្តូរមកជាពិព័រណ៍ពាណិជ្ជកម្មកម្ពុជាកាលឆ្នាំ២០២៤ ដើម្បីឱ្យកាន់តែមានភាពសាមញ្ញ ងាយស្រួលចងចាំនិងប្រកបដោយភាពទាក់ទាញ។

គោលបំណងចម្បងនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជានេះចង់បង្ហាញពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជាមានភាពរីកចម្រើនឥតឈប់ឈរ ផ្សព្វផ្សាយពីកាលានុវត្តភាពទីផ្សារ និងជំរុញការលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ លើកកម្ពស់តួនាទីវិស័យឯកជន ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ និងបង្កើនភាពដៃគូធុរកិច្ចជាមួយភាគីពាក់ព័ន្ធទាំងនៅក្នុងនិងក្រៅប្រទេសក្នុងការជំរុញការនាំចេញផលិតផលនិងសេវាកម្មរបស់កម្ពុជា៕






