លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកEmmanuel Macronប្រធានាធិបតីបារាំង
លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងបារាំង គឺជាប្រទេសធំដែលមានឯករាជ្យនិងស្វ័យភាព ដែលមានចក្ខុវិស័យវែងឆ្ងាយ និងមានទំនួលខុសត្រូវ ព្រមទាំងជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនាសម្រាប់ជំរុញពិភពលោកពហុប៉ូល និងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់មនុស្សជាតិ។
ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបារាំង ដោយផ្តោតជានិច្ចលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ និងផលប្រយោជន៍រយៈពេលវែងរបស់សហគមន៍អន្តរជាតិ ប្រកាន់ខ្ជាប់នូវការសន្ទនាដោយស្មើភាពគ្នា និងកិច្ចសហប្រតិបត្តិការនិងបើកចំហ សំដៅធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំងអាចឈានទៅមុខដោយកាន់តែនឹងនរ និងប្រសើរឡើងនៅក្នុងខណៈពេល ៦០ ឆ្នាំថ្មីមួយទៀត ដើម្បីបង្ហាញយ៉ាងពេញលេញនូវតម្លៃជាយុទ្ធសាស្ត្រ និងរួមចំណែកថ្មីក្នុងការជំរុញពិភពលោកពហុប៉ូលដែលមានសមភាព និងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន។

ជាការឆ្លើយតប លោក Macron បានថ្លែងថា ប្រទេសបារាំងយល់ស្របទាំងស្រុងជាមួយទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិន ស្តីពីការកែទម្រង់ និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល និងការជំរុញសេដ្ឋកិច្ចសកលឱ្យកាន់តែមានតុល្យភាព។

ប្រទេសបារាំងមានឆន្ទៈក្នុងការពង្រឹងការសម្របសម្រួលជាមួយប្រទេសចិន រួមគ្នារ៉ាប់រងទំនួលខុសត្រូវជាប្រទេសមហាអំណាច ប្រកាន់ខ្ជាប់ពហុភាគីនិយម និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការការពារជីវចម្រុះ និងការធ្វើអភិបាលកិច្ចលើបញ្ញាសិប្បនិម្មិតជាដើម ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក៕
