អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ដ
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ដ នៅមន្ទីរផែនការខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួមសម្រេចបាននូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ បានរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ ដោយបានកំណត់នូវចក្ខុវិស័យគោលបំណង គោលដៅ យុទ្ធសាស្ត្រ និងសូចនាករច្បាស់លាស់សម្រាប់យន្តការតាមដាន និងវាយតម្លៃលើក្របខ័ណ្ឌលទ្ធផល ព្រមទាំងបានកំណត់អំពីអ្នកទទួលខុសត្រូវរបស់មន្ទីរ-អង្គភាព អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា។ ជាមួយគ្នានេះដែរ សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលដែលនៅក្នុងដៃរបស់ លោក លោកស្រីនាពេលនេះ បានបង្ហាញអំពីស្ថានភាពបច្ចុប្បន្ន និងសក្តានុពលលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សំនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដែលជាត្រីវិស័យសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការសកម្មភាពនានារបស់រដ្ឋបាល ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់។

លោកអភិបាលខេត្ត បានមានប្រសាសន៍ផងដែរថា បន្ទាប់ពីកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ត្រូវបានអនុម័ត គ្រប់ស្ថាប័ន មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធត្រូវតាមដានការអនុវត្តរាល់គម្រោង/សកម្មភាពទាំងអស់ដែល មន្ទីរ-អង្គភាពជំនាញ អង្គការនានាជារៀងរាល់ថ្ងៃ/ខែ ដើម្បីធានាថាគម្រោងទាំងអស់ ត្រូវបានអនុវត្ត ឬការផ្តល់សេវា ប្រព្រឹត្តទៅតាមស្ដង់ដារ និងពេលវេលាកំណត់ និងធ្វើការវាយតម្លៃ រាល់គម្រោងទាំងនោះឱ្យឃើញថា តើការវិនិយោគកន្លងមក បានផ្តល់តម្លៃសមស្របតាមតម្រូវការ របស់ប្រជាពលរដ្ឋដែរឬទេ? ហើយត្រូវធ្វើការកែសម្រួល ឬ ដាក់បញ្ចូលគម្រោងអាទិភាពថ្មីអ្វីខ្លះ ទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្តសម្រាប់ឆ្នាំបន្ទាប់។ ការប្រើប្រាស់សូចនាករត្រឹមត្រូវ គឺជាគន្លឹះដើម្បីធ្វើឱ្យការតាមដាន និងវាយតម្លៃកម្មវិធីវិនិយោគបីឆ្នាំរំកិលមានប្រសិទ្ធភាព ។



អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម| រូបភាពដោយ: គីហ្សូណា
