ព័ត៌មានជាតិ

រដ្ឋបាលស្រុកកណ្ដៀងចេញសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ទឹកស្រោចស្រពនៅរដូវប្រាំង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ពោធិ៍សាត់÷ រដ្ឋបាលស្រុកកណ្តៀង សូមធ្វើការណែនាំដល់ បងប្អូនប្រជាកសិករទាំងអស់ ក្នុងភូមិសាស្ត្រស្រុកកណ្តៀង ដែលបាននឹងកំពុងបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវរដូវប្រាំង សម្រាប់ឆ្នាំ២០២៥-២០២៦ និងឆ្នាំបន្តបន្ទាប់នាពេលខាងមុខ ដូចខាងក្រោម៖

១-សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវប្រាំងលើកទី២ បន្ទាប់ពី បងប្អូនប្រមូលផលរួចរាល់នៅចន្លោះខែធ្នូ ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ជាដាច់ខាត។

២-សូមបងប្អូនប្រជាកសិករយកចិត្តទុកដាក់ ក្នុងការរក្សាទឹកទុក និងគ្រប់គ្រងទឹកនៅតាមបឹងបួរ ស្រះសហគមន៍ ស្រះគ្រួសារ និងប្រភពទឹកផ្សេងៗ នៅតាមសហគមន៍ ភូមិ និងឃុំនីមួយៗ សម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។ ជាមួយគ្នានេះ បរិមាណទឹកនៅក្នុងស្ទឹងពោធិ៍សាត់ នឹងត្រូវកាត់បន្ថយជាអតិបរិមា ដើម្បីដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹក ដោយវិធានការ ចម្រុះជំហាន២ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាគម្រោងសាងសង់សំណង់ កាត់ស្ទឹងពោធិ៍សាត់ ក្រោមជំនួយ និងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ដែលនឹងចាប់ផ្តើម អនុវត្តនៅដើមឆ្នាំ២០២៦ខាងមុខ។

៣-ករណីបងប្អូនប្រជាកសិករនៅតែអនុវត្តការបង្កបង្កើនផលស្រូវរដូវប្រាំងលើកទីពីរ បងប្អូនច្បាស់ជា ប្រឈមនឹងការខ្វះទឹកស្រោចស្រពជាពុំខាន ជាពិសេសនឹងជួបប្រទះការខ្វះទឹកសម្រាប់សត្វពាហនៈ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។

ទទួលបានសេចក្តីណែនាំខាងលើនេះ សូមបងប្អូនប្រជាកសិករ និងការិយាល័យ អង្គភាពពាក់ព័ន្ធ ព្រមទាំង រដ្ឋបាលឃុំទាំង៩ ក្នុងមូលដ្ឋានស្រុកកណ្តៀង ចូលរួមអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់/ដោយ÷ធឿន/ដើមអម្ពិល

To Top