សាស្រ្តាចារ្យ ឈាង រ៉ា ៖ សុខភាពជាស្នូលនៃការអភិវឌ្ឍជាតិ ខណៈសុខភាពផ្លូវចិត្ត ជាអាទិភាពចូលរួមជំរុញផលិតភាពរបស់ជាតិ
ភ្នំពេញ ៖ ក្នុងឱកាសជូបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដើម្បីពិនិត្យវឌ្ឍនភាពនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៅថ្ងៃ៤ ធ្នូ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា សុខភាពជាស្នូលមួយនៃការអភិវឌ្ឍជាតិ ហើយសុខភាពផ្លូវចិត្ត ក៏ជាអាទិភាពមួយ ដែលចូលរួមក្នុងការជំរុញផលិតភាពរបស់ប្រទេសជាតិផងដែរ ។

ក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវទនស្សនទានថា «សុខភាពផ្លូវចិត្ត ជាអាទិភាពមួយ ដែលចូលរួមក្នុងការជំរុញផលិតភាពរបស់ប្រទេសជាតិ» ព្រមទាំងដាក់ចេញនូវ អនុសាសន៍ស្នូលសំខាន់ៗ ដោយត្រូវពង្រីកការយកចិត្តទុកដាក់ថែមទៀត ដើម្បីពង្រីកធនធានអមសុខភាព ដូចជាជំនាញកិច្ចការសង្គម។ ក្នុងនោះត្រូវពង្រឹងគុណភាពសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៅគ្រប់កម្រិតទាំងរដ្ឋ និងឯកជន ដោយសហការជាមួយគណៈគ្រូពេទ្យ និងស្វែងរកវិធីសាស្រ្ត ធ្វើការបណ្តុះបណ្តាល ដែលមានប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានណែនាំពីចំណុចគន្លឹះ ក្នុងការរៀបចំផែនការបណ្តុះបណ្តាលឱ្យបានជាក់លាក់ ដើម្បីពង្រីកសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនឱ្យកាន់តែទូលំទូលាយថែមទៀត រៀបចំគោលការណ៍ណែនាំបច្ចេកទេសឱ្យបានច្រើន។ ក្នុងនោះត្រូវគិតពីការងារយុទ្ធនាការអប់រំ សុខភាពផ្លូវចិត្ត និងគ្រឿងញៀន និងត្រូវជំរុញការងារស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តឱ្យបានច្រើន៕









