យោធាមីយ៉ាន់ម៉ា បន្តបាញ់ផ្លោងនៅតាមព្រំដែនជាមួយថៃ បណ្តាលឲ្យរបួសជនជាតិ ២នាក់ រួមទាំងខូចខាតផ្ទះ និងរងយន្ត
បរទេស៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងតស៊ូប្រឆាំងរបបនេះ បានរាលដាលឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ នៅពេលដែលគ្រាប់កាំភ្លើងធំមួយគ្រាប់បានធ្លាក់ចូលទៅក្នុងភូមិមួយ បណ្តាលឲ្យជនស៊ីវិលជនជាតិថៃពីរនាក់រងរបួស និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ, នេះបើយោងតាមមន្ត្រី។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅជិតទន្លេម៉យ ទល់មុខខេត្តតាករបស់ប្រទេសថៃ ខណៈដែលកងកម្លាំងយោធាមីយ៉ាន់ម៉ាបានបង្កើនការវាយលុកប្រឆាំងនឹងមូលដ្ឋានតស៊ូ។ គ្រាប់ផ្លោងបានធ្លាក់ចំកណ្តាលភូមិ ដែលបង្ខំឲ្យអាជ្ញាធរចេញការព្រមានជាបន្ទាន់សម្រាប់អ្នកស្រុកឱ្យស្វែងរកកន្លែងជ្រកកោនពីគ្រាប់កាំភ្លើង និងបំណែកគ្រាប់។
មន្ត្រីថៃបានរាយការណ៍ថា អ្នកភូមិពីរនាក់បានរងរបួស។ ជនរងគ្រោះម្នាក់ អាយុ ៦៨ ឆ្នាំ បានរងរបួសធ្ងន់ធ្ងរពីបំណែកគ្រាប់ ខណៈពេលកំពុងជ្រកកោននៅក្នុងផ្ទះរបស់គាត់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យម៉ែសតជាបន្ទាន់។ ផ្ទះ និងយានយន្តជាច្រើននៅក្នុងសហគមន៍ក៏ត្រូវបានខូចខាតដោយការផ្ទុះនេះផងដែរ។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅពេលដែលកងពលធំថ្មើរជើងស្រាលលេខ ២២ របស់កងទ័ពមីយ៉ាន់ម៉ាដោយប្រើប្រាស់អាវុធធុនធ្ងន់ បានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើ “មូលដ្ឋានប៉ាសាក់” ដែលជាទីតាំងយុទ្ធសាស្ត្រដែលកាន់កាប់ដោយក្រុមតស៊ូតាមបណ្តោយច្រាំងទន្លេក្នុង រដ្ឋកៃអ៊ីន ប្រទេសមីយ៉ាន់ម៉ា។ កងកម្លាំងតស៊ូបានបាញ់តបវិញដោយកាំភ្លើងយន្តធុនធ្ងន់ និងកាំភ្លើងត្បាល់ ដែលបណ្តាលឱ្យមានការបាញ់ផ្លោង និងការផ្ទុះយ៉ាងខ្លាំងអស់រយៈពេលជាងមួយម៉ោង។
ប្រែសម្រួល៖ ណៃ តុលា
