អ្នកដំណើររាប់ម៉ឺននាក់ ត្រូវជាប់គាំងនៅព្រលានយន្តហោះក្នុងប្រទេសឥណ្ឌា ក្រោយពីក្រុមហ៊ុនអាកាសចរណ៍ធំគឺ IndiGo លុបចោលជើងហោះហើរជាង ១.២០០ជើង
បរទេស៖ ភាពវឹកវរបានកើតឡើងនៅក្នុងអាកាសយានដ្ឋានឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសគឺ IndiGo បានលុបចោលជើងហោះហើរជាង ១.២០០ជើង ដោយបានបណ្តាលជាប់គាំងអ្នកដំណើររាប់ម៉ឺននាក់។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនបានស្តីបន្ទោសការរំខាននេះលើ “បញ្ហាប្រឈមនៃប្រតិបត្តិការដែលមិនបានដឹងជាមុន” រួមទាំងបញ្ហាបច្ចេកទេស អាកាសធាតុមិនល្អ និងច្បាប់ថ្មីសម្រាប់កម្មករ។
ក្រុមឃ្លាំមើលអាកាសចរណ៍របស់ប្រទេសឥណ្ឌាបានបញ្ជាឱ្យមានការស៊ើបអង្កេត និងទាមទារឱ្យក្រុមហ៊ុន IndiGo ឆ្លើយតបជាមួយនឹងផែនការដើម្បីបន្ធូរបន្ថយការរំខានដែលនៅតែបន្តកើតមានចាប់តាំងពីថ្ងៃចន្ទ។
អ្នកដំណើរបានបញ្ចេញកំហឹងរបស់ពួកគេតាមអ៊ិនធរណេត ដោយអ្នកប្រើប្រាស់អាកាសយានដ្ឋានម្នាក់នៅលើ X បានពណ៌នាអំពី “ការធ្វេសប្រហែសយ៉ាងពេញលេញ” ដោយមានការពន្យារពេលរហូតដល់ប្រាំបីម៉ោង ហើយដោយគ្មានបុគ្គលិកផ្តល់ជំនួយ។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថាជើងហោះហើរ IndiGo ចំនួន ១.២៣២ ត្រូវបានលុបចោលគិតត្រឹមថ្ងៃពុធ។ ចំនួននៃការពន្យារពេលមិនច្បាស់ទេ។
IndiGo បាននិយាយថា ខ្លួនកំពុងផ្តល់ជូនអតិថិជននូវការរៀបចំការធ្វើដំណើរជំនួស និងការសងប្រាក់វិញ ខណៈពេលដែលការស្ដារសេវាកម្មរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
