ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី ជុំវិញការបំពុលជនជាតិរបស់ខ្លួនដោយសារធាតុ Novichok
ឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី GRU បន្ទាប់ពីរបាយការណ៍ផ្លូវការមួយបានរកឃើញថា GRU មានទំនាក់ទំនងជាមួយនឹងការស្លាប់របស់ជនជាតិអង់គ្លេសម្នាក់នៅលើទឹកដីអង់គ្លេសកាលពី ៧ឆ្នាំមុន។
រដ្ឋាភិបាលអង់គ្លេស ក៏បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីឱ្យមកឆ្លើយបំភ្លឺ ចំពោះអ្វីដែលខ្លួនហៅថា “យុទ្ធនាការសកម្មភាពអរិភាពរបស់រុស្ស៊ី” ប្រឆាំងនឹងចក្រភពអង់គ្លេស។
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍នៅពេលក្រោយនៃថ្ងៃនោះថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបដិសេធទណ្ឌកម្មថ្មីៗលើ GRU។
លោកស្រីបានលេីកឡេីងថា “ភាគីរុស្ស៊ី មិនទទួលស្គាល់ទណ្ឌកម្មខុសច្បាប់ដែលដាក់ក្រោមលេសមិនសមហេតុផលដោយរំលងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការសងសឹក”។
កាលពីខែមិថុនា ឆ្នាំ២០១៨ គូស្វាមីភរិយាអង់គ្លេសមួយគូនៅក្នុងទីក្រុង Amesbury ភាគខាងត្បូងនៃប្រទេសអង់គ្លេស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានប៉ះពាល់នឹងថ្នាំពុលសរសៃប្រសាទដ៏សាហាវមួយឈ្មោះថា Novichok នៅក្នុងដប។ ខណៈពេលដែលដៃគូរបស់នាងបានរួចផុតពីគ្រោះថ្នាក់ អ្នកស្រី Dawn Sturgess អាយុ ៤៤ ឆ្នាំ បានស្លាប់ ដែលត្រូវបានគេរាយការណ៍ថាបណ្តាលមកពីការពុល៕
ប្រែសម្រួល ឈូក បូរ៉ា
