ភ្នំពេញ៖ សាលាឧទ្ធរណ៍សម្រេចដោះលែង ទណ្ឌិត ថោង សារ៉ាត់ អ្នកមានដ៏ស្តុកស្តម្ភ និង បក្ខពួក៣នាក់ អោយមានសេរីភាពឡើងវិញ ក្រោយជាប់ពន្ធនាគារជិត៥ឆ្នាំ ពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រ កាលពីចុងឆ្នាំ២០១៤ ។
នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៦ខែវិច្ឆិកា ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះ បានកើតឡើង កាលវេលាម៉ោង៧៖១៨នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេល លោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងថាក្រុមប្រឹក្សាជំនុំជម្រះ បានជំនុំជម្រះលើសំណុំរឿង ព្រហ្មទណ្ឌលេខ ៧២៣ ចុះថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៩អស់រយៈពេល ៥លើក ដែលមានជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- កួយចាន់ថុល ៤- មាសសម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិត្រា ដែលត្រូវបានជាប់ចោទពីបទ ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨ , មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌអំពើ ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ។
តាមរយៈសវនាការនេះ ក្រោយពីបានពិនិត្យសំណុំរឿង និងលទ្ធផលនៃការសួរតទល់ នាពេលសវនាការនឹងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែមដើម្បីជាប្រយោជន៍យុត្តិធម៌ នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេត ហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះ មេធាវីការពារក្តីរបស់ជនជាប់ចោទ ៤រូប បានដាក់ពាក្យសុំនៅ ក្រៅឃុំបណ្តោះអាសន្ន និងមានការបញ្ជាក់ពីមូលហេតុ ជាអំណះអំណាង ។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ បន្តថា ការបើកការស៊ើបសួរបន្ថែម អាចត្រូវការរយៈពេល យូរបន្ថែមទៀត ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញ ព្រមជាមួយគ្នានេះកម្រិតនៃភស្តុតាងទាក់ទងនឹងជនជាប់ចោទ ដែលបានដាក់ពាក្យសុំនៅមានកម្រិតហើយក្រុមប្រឹក្សាយល់ថា ការអោយនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារពុំមានតម្រុយភស្តុតាងណាមួយ ដែលបញ្ជាក់ពីមូលហេតុចាំបាច់នៃការឃុំខ្លួន បណ្តោះអាសន្នតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។
ក្នុងចំណោមជនជាប់ចោទទាំង ៤នាក់នេះក៏មានជនជាប់ចោទដែល មានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាល ដោយពេទ្យជំនាញឯកទេសផងដែរ ។
ការដោះលែងឲ្យនៅ ក្រៅឃុំបណ្តោះអាសន្ននេះ ត្រូវបានជំនួសដោយការដាក់ឲ្យ ជនជាប់ចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតាមលក្ខខណ្ឌចំពោះជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- ហួយចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះឃុន ចិត្រា ដូចខាងក្រោម ៖
១- ជនជាប់ចោទមិនត្រូវចាកចេញ ពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ ។
២- ហាមផ្លាស់ប្តូរលំនៅដ្ឋាន ។
៣- ត្រូវបង្ហាញខ្លួននៅការិយាល័យ ស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់ សប្តាហ៍ទី១រៀងរាល់ខែ ។
៤- ចូលបង្ហាញខ្លួនតាមការ កោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែល ចាត់តាំងដោយតុលាការ ។
ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ ដោយផ្អែកទៅលើមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញ មាត្រា ២០៣មាត្រា ២០៥ មាត្រា ២២០មាត្រា ២២៣ មាត្រា ២២៦ មាត្រា ៣០៧ មាត្រា ៣៨៧ មាត្រា ៣៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា លោក ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនិងអង្គរក្ស៤នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៩ កន្លងទៅ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ ពន្ធនាគារអស់មួយជីវិត ករណីបាញ់សម្លាប់ឧកញ៉ាអ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់សញ្ញាត្បូង ។ ប៉ុន្តែក្រោយសំណុំរឿង ដល់សាលាឧទ្ធរណ៍ ក៏មានការសម្រេចដោះលែងអោយ នៅក្រៅឃុំបណ្តោះអាសន្នតែម្តង ៕
ដោយ៖ គិរី