ព័ត៌មានជាតិ

កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំ GBC នៅថ្ងៃស្អែក

ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។
ការឯកភាពរវាង កម្ពុជា-ថៃនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍ បច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ។

យោងតាមសេចក្តីប្រកាស របស់ប្រធានអាស៊ាន អំពីកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេស អាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃ បានឱ្យដឹងថា កិច្ចប្រជុំបានរំឭកឡើងវិញនូវបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា , សេចក្តីសម្រេចរបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី៧ ខែសីហា ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងបានជំរុញឱ្យកម្ពុជា-ថៃ អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្វាគមន៍កិច្ចពិភាក្សាស្តីពីការអនុវត្តឡើងវិញនូវបទឈប់បាញ់ និងការបញ្ឈប់អរិភាពទាំងឡាយ។ ដោយគណៈកម្មាធិការព្រំដែនទូទៅនឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការផ្ទៀងផ្ទាត់បទឈប់បាញ់ ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញអំពីក្តីសង្ឃឹម ចំពោះការកាត់នូវបន្ថយអរិភាព ទាំងឡាយឱ្យបានឆាប់តាមដែលអាចធ្វើបាន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានជំរុញឱ្យកម្ពុជា-ថៃ អនុវត្តការអត់ធ្មត់ជាអតិបរមា និងបោះជំហានជាបន្ទាន់ឆ្ពោះ ទៅរកការបញ្ឈប់ គ្រប់ទម្រង់នៃអរិភាព ។ កិច្ចប្រជុំបានអំពាវនាវ ឱ្យប្រទេសទាំងពីរ ស្តារឡើងវិញនូវទំនុកចិត្ត និងការជឿជាក់គ្នា ទៅវិញទៅមក និងត្រឡប់ទៅរកកិច្ចសន្ទនាឡើងវិញ តាមរយៈយន្តការទ្វេភាគី , ការប្រើប្រាស់កិច្ច សម្របសម្រួលរបស់ប្រធានអាស៊ាន , ស្តារឡើងវិញនូវកិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌ និងអនុវត្តវិធានការ កាត់បន្ថយភាពតានតឹងផ្នែកយោធានៅតាមបណ្តោយព្រំដែនរួម ក្រោមការសង្កេត របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន , ប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីទទួលបានដំណោះស្រាយតាមសន្តិវិធី និងយូរអង្វែង ចំពោះស្ថានការណ៍បច្ចុប្បន្ន ៕

To Top