ព័ត៌មានជាតិ

លោក អ៊ាង សុផល្លែត ៖ ថៃបាញ់ផ្សែងពុល និងបាញ់គ្រាប់បំផ្លាញ ធនធានធម្មជាតិ ជា«ឧក្រិដ្ឋកម្មបរិស្ថាន»

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកទង្វើយោធាថៃ បាញ់ផ្សែងពុល និងប្រើគ្រាប់បែកទាំងផ្លោង និងទំលាក់បំផ្លាញធនធានធម្មតាជាតិ របស់កម្ពុជាគឺជា “ទង្វើឧក្រិដ្ឋកម្មបរិស្ថាន” ។

ក្នុងបាឋកថា ស្តីពីការគ្រប់គ្រង វិស័យបរិស្ថាននៅកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នៅលោក អ៊ាង សុផល្លែត ថ្លែងថា អំពើឈ្លានពាន របស់យោធាថៃ មកលើកម្ពុជាដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រប់ប្រភេទ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងបំផ្លាញធនធានធម្មជាតិ របស់កម្ពុជានោះ គឺជាការប្រព្រឹត្តបទឧក្រិដ្ឋកម្មខាងបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។

លោកបញ្ជាក់ថា “ខ្ញុំប្រើពាក្យមិញថា ឧក្រិដ្ឋកម្មបរិស្ថាន ខ្ញុំគ្រាន់តែចង់ទាញថា នៅក្នុងច្បាប់អន្តរជាតិមានការហាមឃាត់ មានការចែងនៅក្នុងច្បាប់អន្តរជាតិ មិនឲ្យប៉ះពាល់បរិស្ថាន ឬក៏តំបន់ការពារ”។
ជាមួយនឹងការបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា ពីក្រុមយោធាថៃនេះ រដ្ឋមន្រ្តីបរិស្ថានបានថ្លែងថា បានធ្វើរបាយការណ៍ទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជារួចហើយ ។
ចំពោះការបំផ្លាញធនធានធម្មជាតិនេះ ក្នុងនាមក្រសួងបរិស្ថាន លោកបានសហការជាមួយអាជ្ញាធរ ពាក់ព័ន្ធជាច្រើន ក្នុងការរៀបចំដាក់ពាក្យបណ្តឹង តាមរយៈក្រសួងការបរទេសកម្ពុជា ទៅខាងផ្នែកបរិស្ថានអន្តរជាតិផងដែរ ។

សូមបញ្ជាក់ថា ក្នុងច្បាប់មនុស្សធម៌អន្តរជាតិត្រង់មាត្រា៣៥ ចំណុចទី៣ បានហាមឃាត់មិនឱ្យប្រើប្រាស់វិធីសាស្ត្រ ឬយុទ្ធោបករណ៍ធ្វើសង្គ្រាមណា ដែលបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រាលដាលក្នុងទ្រង់ទ្រាយធំ និងយូរអង្វែង ដល់បរិស្ថានធម្មជាតិឡើយ ៕

To Top