លោក ប៉ែន បូណា ៖ អំនួតមេដឹកនាំថៃមានគោលដៅបំបាក់ទឹកចិត្តខ្មែរ ឱ្យអស់ជំនឿលើរាជរដ្ឋាភិបាល គឺយល់ខុសហើយ
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានមានប្រសាសន៍ថា អំនួតក្អេងក្អាងរបស់មេដឹកនាំថៃមានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាក់ស្បាត និងបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល ប៉ុន្តែពួកគេពិតជាយល់ខុសស្រឡះហើយ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីជម្លោះកម្ពុជា-ថៃនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងថា អំពើសាហាវព្រៃផ្សៃប្រកបដោយអំនួតក្អេងក្អាងរបស់មេដឹកនាំថៃ មានគោលដៅវាយបំបាក់ទឹកចិត្តខ្មែរ និងបំបែកកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ដោយពួកគេសង្ឃឹមថា អាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាក់ស្បាត និងបាត់បង់ជំនឿចិត្តលើរាជរដ្ឋាភិបាល ប៉ុន្តែពួកគេពិតជាយល់ខុសស្រឡះ។
លោកបញ្ជាក់ថា “សម្រាប់ប្រជាជាតិខ្មែរ អំពើឈ្លានពានយ៉ាងកំរោលបែបនេះ មិនបានធ្វើឱ្យខ្មែរភ័យខ្លាចឬបាក់ទឹកចិត្តសូម្បីតែបន្តិចឡើយ។ ផ្ទុយទៅវិញ ការបំពានលើបូរណភាពទឹកដីកម្ពុជា និងការទម្លាក់គ្រាប់បែកលើជនស៊ីវិលស្លូតត្រង់ខ្មែរ បានជំរុញឱ្យប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរឹតតែប្រកៀកស្មាគ្នាកាន់តែរឹងមាំដើម្បីការពារទឹកដី ការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ” ។
ប្រធានអង្គភាពអ្នកនាំពាក្យសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបាននាំគ្នាក្រោកឈរឡើងស្រែកទាមទារយុត្តិធម៌ ស្រែកទាមទាររកសន្តិភាព ប្រឆាំងការឈ្លានពាន និងប្រឆាំងការរំលោភបំពានលើជនស៊ីវិលយ៉ាងអមនុស្សធម៌របស់ទាហានឈ្លានពានថៃ។
លោក ប៉ែន បូណាបន្ថែមថា សំឡេងរបស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីមិនមែនជាការសម្តែងដើម្បីសុំក្តីអាណិតអាសូរទេ ប៉ុន្តែជាសំឡេងនៃប្រជាជាតិក្នុងប្រទេសតូចមួយដែលរងការឈ្លានពានទាំងបំពានលើច្បាប់អន្តរជាតិពីប្រទេសធំមួយដែលនៅជិតខាង។ កម្ពុជាជាប្រទេសតូចមែន ប៉ុន្តែប្រជាជាតិមួយនេះ មិនឈរឱបដៃឱ្យប្រទេសណាមួយជាន់ឈ្លីបានឡើយ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានកោតសរសើរចំពោះកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិខ្មែរ និងស្ញប់ស្ញែងចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលតស៊ូយ៉ាងស្វិតស្វាញ ក្រាញននៀល ប្រឆាំងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដី ដោយមានទំនុកចិត្តយ៉ាងមុតមាំ លើរាជរដ្ឋាភិបាល និងជាពិសេសលើថ្នាក់ដឹកនាំរបស់ខ្លួន។ នេះគឺជាកម្លាំងស្នូលដ៏រឹងមាំរបស់ជាតិខ្មែរ ដើម្បីការពារបូរណភាពទឹកដី ប្រឆាំងជាមួយសត្រូវឈ្លានពាន ៕
