ចិនផ្ទុះកំហឹង បន្ទាប់ពីមន្រ្តីបក្សកាន់អំណាចរបស់ជប៉ុន ទៅទស្សនកិច្ច និងជួបជាមួយប្រធានាធិបតីរបស់កោះតៃវ៉ាន់ លោក Lai Ching-te
បរទេស៖ រលកនៃដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយសមាជិកសភាជប៉ុន កំពុងដំណើរការ ដោយបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងទីក្រុងតូក្យូ និងទីក្រុងតៃប៉ិ ហើយក៏ទាញការឆ្លើយតបយ៉ាងមុតមាំពីទីក្រុងប៉េកាំងវិញផងដែរ។
យោងតាមសារព័ត៌មាន Japan Times ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Koichi Hagiuda ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន បានជួបជាមួយប្រធានាធិបតីរបស់កោះតៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃចន្ទ។ លោក Hagiuda ក៏បានពណ៌នាទំនាក់ទំនងថាជា “ល្អបំផុតដែលពួកគេធ្លាប់មាន” , នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីកោះតៃវ៉ាន់។
ប្រធានាធិបតីរបស់កោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា លោកសង្ឃឹមថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀត ហើយថា ភាគីទាំងពីរអាចរួមគ្នាដើម្បីជំរុញ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ”។
ដំណើរទស្សនកិច្ចរបស់សមាជិកសភាជប៉ុនទៅកាន់កោះតៃវ៉ាន់ មិនមែនជារឿងចម្លែកនោះទេ ប៉ុន្តែបច្ចុប្បន្នកើតឡើងនៅពេលដែលភាពតានតឹងកាន់តែខ្លាំងរវាងជប៉ុន និងចិន ជុំវិញកោះតៃវ៉ាន់។ កាលពីខែមុន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា យោធារបស់ជប៉ុនអាចត្រូវបានគេដាក់ពង្រាយតាមទ្រឹស្តី ប្រសិនបើចិនត្រូវវាយប្រហារកោះតៃវ៉ាន់ ដែលជំរុញឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង រួមទាំងការដាក់កម្រិតលើភ្ញៀវទេសចរចិនដែលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងការរិះគន់ជាសាធារណៈចំពោះលោកស្រី Takaichi ។
ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះជំនួបរបស់លោក Hagiuda ជាមួយប្រធានាធិបតីកោះតៃវ៉ាន់លោក Lai ដោយបានដាក់ការតវ៉ាជាផ្លូវការជាមួយប្រទេសជប៉ុន។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានចោទប្រកាន់ទីក្រុងតូក្យូថា បានធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយបាននិយាយថា លោកស្រី Takaichi បានឆ្លងកាត់ “បន្ទាត់ក្រហម” របស់ប្រទេសចិនចាប់តាំងពីការឡើងកាន់តំណែង៕
ប្រែសម្រួលៈ ណៃ តុលា
