ក្រសួងការពារជាតិ ទាមទារឱ្យថៃ ងាកមកធ្វើកិច្ចការ មានវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានទាមទារឱ្យយោធាថៃបញ្ឈប់រាល់ការភួតកុហកអន្តរជាតិ ដោយងាកត្រឡប់មកធ្វើកិច្ចការប្រកបដោយវិជ្ជាជីវៈ និងមានសេចក្តីថ្លៃថ្នូរ ពាក់ព័ន្ធទៅនឹងការបញ្ឈប់ប្រើប្រាស់អាវុធធុនធ្ងន់ គ្រប់ប្រភេទវាយប្រហារកម្ពុជាមិនរើសទីតាំង ។
ក្នុងសន្និសីទសារព័ត៌មាន អំពីស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៤ ខែធ្នូ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់ នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិត មិនចេះចប់មិនចេះហើយ ដើម្បីបិទបាំងសកម្មភាពឈ្លាន ពានដោយប្រដាប់អាវុធរបស់ខ្លួនមកលើកម្ពុជា ។
លោកស្រីបន្តថា “ស្នើឱ្យត្រឡប់មកធ្វើកិច្ចការ ដែលមានវិជ្ជាជីវៈនិងមានភាពថ្លៃថ្នូរ ព្រោះគ្រប់ទង្វើទាំងអស់របស់យោធាថៃ គឺបានបង្ហាញកាន់តែច្បាស់នូវចេតនារបស់ភាគីថៃ ក្នុងការរំលោភឈ្លានពានទឹកដីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងផែនទីឯកតោភាគីរបស់ខ្លួន ដែលមិនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ” ។
លោកស្រីសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ ជាទង្វើផ្ទុយទៅនឹងច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលជាការគំរាមកំហែងដ៏ធំបំផុតទៅដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងសកលលោក។
លោកស្រី ម៉ាលី សុជាតា អះអាងថា កម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
អ្នកនាំពាក្យការពារជាតិបន្ថែមថា កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពដែលភាគីកម្ពុជានិងភាគីថៃ បានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដូចកម្ពុជាដែរ៕
