ករណីធ្វើអត្តឃាត នៅតែជាបញ្ហារស៊ើប ទាមទារឱ្យយកចិត្តទុកដាក់ ក្នុងបរិបទផ្សព្វផ្សាយព័ត៌មាន
ភ្នំពេញ ៖ ឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួង សុខាភិបាល បានលើកឡើងថា ការធ្វើអត្តឃាត នៅតែជាបញ្ហាដ៏រស៊ើបចម្បងមួយ ក្នុងសង្គមដែលទាមទារ ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងបរិបទផ្សព្វផ្សាយព័ត៌មាន ។

ដោយសារមើលឃើញ ពីការធ្វើអត្តឃាតកើនឡើង ហើយនៅតែ ជាបញ្ហា ទើបក្រសួងប្តេជ្ញាបន្តសហការ ជាមួយក្រសួងព័ត៌មាន ដើម្បីលើកកម្ពស់សុខភាព ផ្លូវចិត្ត ក្នុងការឈានទៅកាត់បន្ថយ ការធ្វើអត្តឃាត តាមរយៈការបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ។

ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី ការរាយការណ៍ព័ត៌មានអត្តឃាតដោយមានការទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឱសថការី ឈី ហុង បានថ្លែងថា ការធ្វើឃាតរបស់ប្រជាពលរដ្ឋនៅតែជាបញ្ហាដ៏រស៊ើបដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងបិរបទនៃការផ្សព្វផ្សាយព័ត៌មាន , ការបណ្តុះបណ្តាល ជាក់លាក់ដល់អ្នកសារព័ត៌មាន និងអំពីរបៀបរាយការណ៍ព័ត៌មាន ប្រកបដោយក្រមសីសធម៌វិជ្ជាជីវៈ ។

លោកបន្តថា អ្នកសារព័ត៌មាន មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ , ការលើកកម្ពស់ការយល់ដឹង ពីសុខភាពផ្លូវចិត្ត និងការនាំផ្លូវសាធារណជន ឱ្យស្វែងរកសេវាជំនួយឱ្យបានសមស្រប ។

លោកបន្ថែមថា ភស្តុតាង ជាសកលបានបង្ហាញថា ការផ្សាយព័ត៌មានពីការធ្វើអត្តឃាត ដោយធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងការបរិយាយលំអិត ពីវិធីសាស្រ្ត ឬប្រើភាសាមិនសមរម្យអាចនាំឱ្យមានការកើតឡើង នូវការធ្វើអត្តឃាតជាបន្តបន្ទាប់ ។ ប៉ុន្តែផ្ទុយទៅវិញការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយសីលធម៌ មនុស្សធម៌ និងគោរពតាមភស្តុតាង អាចរួមចំណែកយ៉ាងសំខាន់កាត់បន្ថយការមាក់ងាយ និងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋស្វែងរកជំនួយនិងការពារអាយុជីវិតមនុស្ស ។

រដ្ឋលេខាធិការគូសបញ្ជាក់ថា “ក្រសួងសុខាភិបាលនឹងបន្តសហការជាមួយក្រសួងព័ត៌មាន និងដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត កាត់បន្ថយហានិភ័យនៃការធ្វើអត្តឃាត និងការពារជីវិតប្រជាជនកម្ពុជា”។
ដើម្បីកុំឱ្យមានអាត្រានៃធ្វើអត្តឃាតកើនឡើង ឱសថការី ឈី ហុង បានស្នើនាយកដ្ឋានសុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន បន្តសហការជាមួយអង្គភាពជំនាញ នៃក្រសួងព័ត៌មាន និងអង្គការសុខភាពពិភពលោក រៀបចំគោលការណ៍ដោយការទទួលខុសត្រូវ ពាក់ព័ន្ធការធ្វើអត្តឃាតសម្រាប់ អ្នកសារព័ត៌មាន រួមទាំងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម ។
យោងតាមរបាយការណ៍របស់អង្គការ សុខភាពពិភពលោកបានឱ្យដឹងថា អត្តឃាតជាមូលហេតុចម្បងនាំមុខមួយ នៃការស្លាប់នៅក្នុងពិភពលោក ដោយប្រហែលជារៀងរាល់៤០វិនាទីមានមនុស្សម្នាក់បាត់បង់ជីវិតដោយការធ្វើអត្តឃាត ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៤ ករណីធ្វើអត្តឃាតមាន ២១២ករណី ក្នុងនោះបុរស១៦៨ករណី និងស្រ្តី៤៤ករណី ។ របាយការណ៍បានរកឃើញ មធ្យោបាយធ្វើអត្តឃាត ដោយចងក មាន៦២ភាគរយ , លោតពីលើស្ពាន២៣ភាគរយ , ហិង្សា៧ភាគរយ , លោតពីលើអគារ៥ភាគរយ , ថ្នាំពេទ្យ២ភាគរយ និងលេបថ្នាំសម្លាប់សត្វល្អិត១ភាគរយ ៕
